(បាងកក, ថៃ)៖ សាកលវិទ្យាធិការសាកលវិទ្យាល័យរាំងស៊ីត របស់ថៃ លោកបណ្ឌិត អាធីត អ៊ុរៃរ៉ាត់ បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះវប្បធម៌ និងអរិយធម៌របស់ខ្មែរ។ លោកបានលើកឡើងថា វប្បធម៌ និងអរិយធម៌របស់ខ្មែរ គ្មានជាតិសាសន៍ណាមួយមកអាច បង្កើតបាននោះឡើយ។

ការកោតសរសើរចំពោះវប្បធម៌ និងអរិយធម៌របស់ខ្មែរពីសំណាក់លោកបណ្ឌិត អាធីត បានធ្វើឡើងក្នុងពេលរូបលោក បានជួបពិភាក្សាការងារមួយចំនួនជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យរាំងស៊ីតនាពេលថ្មីៗនេះ។

លោកបណ្ឌិត អាធីត បានគូសបញ្ជាក់ថា កម្ពុជាមានវប្បធម៌បែបខ្មែរបុរាណពុំមានជនជាតិណា ឬនរណាម្នាក់បង្កើតឡើងបានឡើយ ដែលចំណុចនេះ ចាត់ទុកជាចំណុចសំខាន់បំផុតរបស់កម្ពុជា។ លោកបានរំលឹកថា កាលពីរូបលោកទៅទស្សនកិច្ចនៅអង្គរវត្ត បានឃើញភាពអច្ឆរិយនៃអង្គរវត្ត ដែលជាវប្បធម៌ដ៏អស្ចារ្យបំផុតបើប្រៀបធៀបជាមួយទីក្រុងរ៉ូម របស់ក្រិក និងមហាកំផែងចិន ស្ថាបត្យកម្មទាំងនេះមិនអាចប្រៀបប្រដូចទៅអង្គរវត្តរបស់កម្ពុជាបានសោះឡើយ។ ភាពអច្ឆរិយៈនៃអង្គរវត្តនេះប្រៀបដូចនឹងការផ្សារភ្ជាប់រវាងឋានសួគ៌ ជាមួយមនុស្សលោក។

លោកបណ្ឌិត អាធីត អ៊ុរៃរ៉ាត់ បានបញ្ជាក់បន្ថែមថា «អរិយធម៌ខ្មែរបុរាណជាអរិយធម៌ដ៏អស្ចារ្យបំផុត។ ប្រទេសកម្ពុជាអាចពោលបានថា [ដែនដីសុវណ្ណភូមិ]។ កាលពីដើមឡើយអាណាចក្រខ្មែរបុរាណ បានបង្កើតអរិយធម៌ដ៏អស្ចារ្យណាស់ អរិយធម៌របស់ខ្មែរបុរាណ បានគ្របគ្រងអរិយធម៌ដល់ដែនដីប្រទេសថៃ ហើយដែលពេលបច្ចុប្បន្នពាក់កណ្តាលប្រទេសបានទទួលវប្បធម៌ខ្មែរបុរាណរហូតមក»

លោកបណ្ឌិត អាធីត បានលើកឡើងដោយផ្អែកតាមអ្នកប្រវត្តិវិទូថា អាណាចក្រខ្មែរបុរាណមានទឹកដីគ្របដណ្តប់ទៅដល់ប្រទេសឡាវ និងទៅទិសភាគខាងត្បូងគ្រប់ដណ្តប់ដល់ម៉ាឡាយូ។ លោក អាធីត បានយល់ឃើញថា ប្រវត្តិសាស្ត្រនេះ កម្ពុជា គួរនាំបញ្ចេញឱ្យអ្នកទេសចរលេីពិភពលោកឃើញនូវភាពអស្ចារ្យរបស់អាណាចក្រខែ្មរបុរាណ។

«ការដែលយើងមានការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនរុងរឿង យើងមិនត្រូវបំភ្លេចរឿងភូមិសាស្រ្តនយោបាយ និងអាណាចក្របាននោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត អាធីត។

លោកបណ្ឌិត បានមើលឃើញថា កម្ពុជា និងថៃ ត្រូវរួមគ្នាប្រើវប្បធម៌ និងអរិយធម៌ ដើម្បីបង្កើតភាពរីកចម្រើនរុងរឿងនិងភាពអស្ចារ្យរបស់ប្រទេសទាំងពីរបន្ថែមទៀត៕