(ភ្នំពេញ)៖ ដើម្បីគាំទ្រយុទ្ធនាការ «អក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២១-២០២៥» ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ គ្រោងនឹងជ្រើសរើសអាជីវកម្ម Startup ក្នុងវិស័យទេសចរណ៍ចំនួន៥ ដើម្បីចូលរួមផ្សព្វផ្សាយ និងពង្រីកបណ្ដាញទំនាក់ទំនងនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទេសចរណ៍ក្នុងតំបន់អាស៊ាន និងពិភពលោក។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាន។

ការជ្រើសរើសអាជីវកម្ម Startup ក្នុងវិស័យទេសចរណ៍នេះ នឹងធ្វើឡើងនៅក្នុងកម្មវិធីពិព័រណ៍ TRAVEX នៃវេទិការទសចរណ៍អាស៊ាន ២០២២ (ATF 2022) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់២០ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ក្រសួងទេសចរណ៍ បានអះអាងថា ការរៀបចំគម្រោងនេះទ្បើង គឺដើម្បីគាំទ្រយុទ្ធនាការ «អក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២១-២០២៥» ក៏ដូចជាដើម្បីជំរុញ និងគាំទ្រអាជីវកម្មដែល ប្រកបដោយនវានុវត្តភាព និងភាពច្នៃប្រឌិតនៅក្នុងវិស័យទេសចរណ៍។

សម្រាប់អាជីវកម្ម Startup នៅក្នុងវិស័យទេសចរណ៍ដែលមានចំណាប់អារម្មណ៍ សូមមេត្តាទំនាក់ទំនងក្រសួងទេសចរណ៍ ឬមជ្ឈមណ្ឌលកម្ពុជា ៤.០ (លេខទូរស័ព្ទ៖ ០១២ ៩៣៤ ៥៩២ / អ៉ីមែល៖ [email protected]) នៅរៀងរាល់ម៉ោងធ្វើការ និង/ឬ ស្កេន QR Code ខាងក្រោម ដើម្បីបំពេញពាក្យស្នើសុំចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១៕