(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើតរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក នៃស.ស.យ.ក. រាជធានីភ្នំពេញ។

ពិធីអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើតស.ស.យ.ក. នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖

*ទី១៖ ដើម្បីរំលឹកខួប នៃការបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
*ទី២៖ អបអរសាទរដល់សមិទ្ធផលនានាដែលសម្រេចបានកន្លងមក
*ទី៣៖ បង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិកា សមាជិកា និងក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សូមជម្រាបជូនថា ក្រោយមហាសន្និបាតលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តបុព្វហេតុ ការការពារ និងប្តេជ្ញារក្សាមិនឲ្យបាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និងបង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។

ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។

ផ្តើមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយ ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការ
ផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។ ស.ស.យ.ក. បានសហការ និងស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនងជាមួយ ក្រុមប្រឹក្សាយុវជននៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិជាដៃគូ ដែលតាមរយៈកិច្ចសហការទាំងអស់នេះ បានអនុញ្ញាតឲ្យយុវជនកម្ពុជាកាន់តែមានឱកាសសិក្សារៀនសូត្រ ទទួលការបណ្តុះបណ្តាលការផ្លាស់ប្តូរទស្សនកិច្ច និងបន្ថែមពីលើនោះ គឺការចូលរួមចំណែកដើម្បីពង្រឹងកិត្យានុភាពកម្ពុជានៅកម្រិតតំបន់ និងអន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ ក្នុងបរិបទដែលពិភពលោក រួមទាំងប្រទេសកម្ពុជា បាន និងកំពុងរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ ស.ស.យ.ក. បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេស។ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានបំពេញសកម្មភាពយ៉ាងសស្រាកស្រាំតាមរយៈ៖ ទី១៖ ការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ, ទី២៖ ការគាំទ្រផ្នែកស្មារតី និងការឧបត្ថម្ភសម្ភារចាំបាច់ជាបន្តបន្ទាប់ និងទី៣៖ ជាពិសេសការចូលរួមសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗ។ ស.ស.យ.ក. ក៏បានឈានមួយជំហានទៀតក្នុងការចូលរួមបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រៅពីនេះ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌ សាសនា តាមរយៈការជំរុញការស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមចំណែកក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បៈ កំសាន្ត ដែលអនុញ្ញាតឲ្យយុវជនគ្រប់និន្នាការចូលរួមតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់ពួកគេ សំដៅធ្វើយ៉ាងណាឲ្យយុវជនអាចអភិវឌ្ឍខ្លួនទាំងប្រាជ្ញាស្មារតី និងកាយសម្បទា ជាមួយនឹងភាពជឿជាក់លើខ្លួនឯង និងជឿជាក់លើជោគវាសនាអនាគតប្រទេសជាតិ។

ជាមួយគ្នានោះ ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកវែងជាងគេ និងព្រឹត្តិការណ៍នានាផ្សេងៗ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន ដោយប្រកាន់ភ្ជាប់នូវសច្ចៈធម៌ ប្រវត្តិសាស្ត្រ ដែលយុវជនជំនាន់ក្រោយអាចស្វែងយល់ច្បាស់ពីពលិកម្មគ្រប់បែបយ៉ាងរបស់អតីតយុវជនជំនាន់មុន ក្នុងការការស្ម័គ្រចិត្តលះបង់កម្លាំងកាយចិត្ត និងទាំងជីវិត ប្រកបដោយស្មារតីសាមគ្គីភាព និងឯកភាព ដើម្បីបុព្វហេតុរួមរបស់កម្ពុជា។ ស.ស.យ.ក. បាននៅជាប់ជាមួយប្រជាជាតិខ្មែរគ្រប់កាលៈទេសៈ និងតែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

គួររំលឹកផងដែរថា នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាផ្នែកមួយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយអតីតយុវជន ដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន ដើម្បីតស៊ូ រំដោះជាតិមាតុភូមិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕