(កំពង់ចាម)៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង ស្ថិតនៅសាលាបឋមសិក្សាប្រខ្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងជាតំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម បានថ្លែងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ពិសេសកំលុងការរាតត្បាតជំងឺកូវីដ១៩នេះ គណបក្សប្រជាជនកម្ពុជា គឺនៅរួមសុខ រួមទុក្ខ និងមិននៅឆ្ងាយពីប្រជាពលរដ្ឋនោះទេ តាមរយៈអាជ្ញាធរ ភូមិឃុំ តែងតែឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋជានិច្ច នៅពេលជួបការលំបាក និងគ្រោះមហន្ដរាយផ្សេងៗ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង ៤បន្ទប់ស្ថិតនៅសាលាបឋមសិក្សាប្រខ្នោរ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តំណាងរាស្ត្រ ម៉ា ឈឿន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រទេសជាតិយើងមានសុខសន្ដិភាព និងការរីកច្រើនលើគ្រប់វិស័យ ជាក់ស្ដែងគ្រាន់តែនៅស្រុកជើងព្រៃ គឺមានការអភិវឌ្ឍ សម្បូរការងារធ្វើ ប្រជាជនរស់នៅសុខសប្បាយ ពិសេសគឺមានការងារធ្វើដល់នៅភូមិឃុំរបស់ខ្លួនតែម្ដង បើគិតជាចំណូលក្នុងមួយខែប្រមាណពី ៣-៥លានដុល្លារអាមេរិក។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ម៉ា ឈឿន ក៏ពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងថ្លែងអរគុណដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ដែលបានរួមគ្នាការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បន្ដអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងរក្សាសុខសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ សម្រាប់អគារសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ សូមរួមគ្នាថែរក្សាឲ្យបានគង់វង្ស ដើម្បីទុកប្រើប្រាស់ឱ្យបានយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានសិក្សាបន្ដ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង ដែលស្ថិតនៅសាលាបឋមសិក្សាប្រខ្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន៣វត្ដ ក្នុងមួយវត្ដ ចំនួន ២លានរៀល និងព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ ចំនួន២០ម៉ឺនរៀល ។ ដោយឡែកប្រជាពលរដ្ឋ ក្នុងម្នាក់ ទទួលបានថវិកា ចំនួន២ម៉ឺនរៀល ហើយសិស្សានុសិស្សជាច្រើនរូបទៀត ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៥,០០០រៀល និងសម្ភារសិក្សា មួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី ដែលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូអគារសិក្សា១ខ្នង ៤បន្ទប់ នៃសាលាបឋមសិក្សាប្រខ្នោរ ជាអំណោយដ៏ថ្លៃថ្លាប្រកបដោយសប្បុរសធម៌របស់ លោក ឈឿន កុសលវីរៈ និងភរិយា។

ដំណើរការសាងសង់អគារសិក្សា១ខ្នងនេះ បន្ទាប់ពីអគារនេះត្រូវបានដួលរលំដោយខ្យល់កន្ត្រាក់នៅឆ្នាំ២០១៩ ទើបនៅឆ្នាំ២០២០ លោកបណ្ឌិត ម៉ាឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងបុត្របានជួយកសាងឡើងវិញ។ អគារសិក្សាដែលបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនាពេលនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសាលានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ និងបានសាងសង់រួចនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ចំណាយថវិកាសរុប ចំនួន ៥៤,៦០០ដុល្លារ៕