(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបោះជំហានឈានមុខធៀបនឹងប្រទេសមួយចំនួន ដោយបានចុះដឹកនាំយន្តការប្រយុទ្ធដោយផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីព្រោះអាទិភាពចាំបាច់បំផុតចំពោះមុខ គឺទី១. ការពារអាយុជីវិត និងទី២. ការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងខណៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញបើកសម្ពោធជាផ្លូវការគម្រោង «មេគង្គ ស៊ីធី» របស់បុរីមេគង្គលែន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ពិតណាស់ ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាចរក្សាលំនឹងបាន និងមិនថយក្រោយ ហើយថែមទាំងបានជួយទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ចជាតិទាំងផងដែរ តាមរយៈការធានាបាននូវការផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋក្នុងដំណាក់កាលវិបត្តិនេះ។ លំនឹងនេះ ក៏បានបង្ហាញអំពីលទ្ធភាពរឹងមាំ និងស្ថិរភាពនៃជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើនដែលបានទិញ និងវិនិយោគអចនទ្រព្យ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈកាលកន្លងមកនេះ។ ក្រៅពីការវិនិយោគសាធារណៈ ការកសាង និងអភិវឌ្ឍប្រទេសមកដល់បច្ចុប្បន្ន គឺមានការចូលរួមមួយផ្នែកធំរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើន។ ដូច្នេះ ការលើកទឹកចិត្តឱ្យវិស័យឯកជនរីកចម្រើន នឹងផ្តល់លទ្ធភាពឱ្យគាត់ចែករំលែកការរីកចម្រើន ទៅគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការធ្វើឱ្យមានការកែប្រែលើកកម្ពស់មុខមាត់ប្រទេសជាតិផងដែរ តាមរយៈសមិទ្ធិផលធំៗ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលសម្រេចបាននៅក្នុងគម្រោងឯកជន។ នេះ គឺការនិន្នាការរួមនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានាលើសាកលលោក។

ការធានាបាននូវការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន ជាពិសេសនិរន្តរភាពនៃការរីកចម្រើន ដែលជាមូលដ្ឋាននៃឈានទៅមុខកាន់តែខ្លាំងរបស់យើងទៅអនាគត គឺជាកិច្ចការសំខាន់ចាំបាច់ណាស់។ និរន្តភាព កើតពីស្ថិរភាព ហេតុនេះទាំងក្នុងដំណាក់កាលវិបត្តិនៃសង្គ្រាម ឬជំងឺរាតត្បាត គឺដាច់ខាតត្រូវធានាឱ្យនូវ «ស្ថិរភាពនៃការដឹកនាំ»។

លោកបន្តថា ក្នុងកិច្ចការនេះ សម្តេចតេជោ ក៏បានធ្វើការសម្រេចចិត្តសំខាន់ៗជាយុទ្ធសាស្ត្រជាច្រើននៅក្នុងសមរភូមិនេះ ប្រកបដោយការពិចារណាប្រុងប្រយ័ត្ន និងការពិនិត្យស្រាវជ្រាវច្បាស់លាស់ ជាអាទិ៍ ការដាក់ចេញនូវវិធានការទប់ស្កាត់ និងព្យាបាល, ការគ្រប់គ្រងផលប៉ះពាល់ និងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះ ទទួលបានលទ្ធគួរជាទីមោទនៈ រហូតបង្កលក្ខណៈឱ្យមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដែលបង្ហាញអំពីភាពរឹងមាំរបស់កម្ពុជា ក្នុងនាមជាប្រទេស និងជាប្រជាជន ដែលអាចតស៊ូច្នៃប្រឌិតជម្នះការលំបាកគ្រប់បែបយ៉ាង។ ទន្ទឹមនេះ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងវិស័យឯកជន ក៏បានចូលរួមយ៉ាងសកម្មនៅក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យនេះ ដោយបានខិតខំអនុវត្តវិធានសុខាភិបាលការពារខ្លួន និងបានចូលរួមបរិច្ចាគធនធានសម្ភារ ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ពាក់ព័ន្ធនឹងគម្រោង «មេគង្គ ស៊ីធី» របស់បុរីមេគង្គលែន លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះជោគជ័យដ៏ឆាប់រហ័ស នៃអាជីវកម្មរបស់បុរីមេគង្គលែន ដែលបានចាប់ផ្តើមគម្រោងទី១ក្នុងឆ្នាំ២០១៤ ហើយរហូតមកដល់ពេលនេះ បានចាប់ផ្តើមបើកសម្ពោធគម្រោងទី៣ នៅលើទីតាំងប្រកបដោយសក្តានុពលស្ថិតក្នុងខណ្ឌជ្រោយចង្វារ កៀកនឹងទន្លេមេគង្គ។ ការពង្រីកគម្រោងថ្មីនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ម្យ៉ាងវិញទៀត នេះក៏អាចត្រូវបានចាត់ទុកបានថា ជាសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមស្ទុះងើបឡើងវិញនៃវិស័យអចលទ្រព្យ និងសំណង់ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត ០២ ឆ្នាំកន្លងមកនេះ និងស្របពេលដែលប្រទេសយើងកំពុងត្រូវបានបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ហើយដំណើរការស្តារឡើងវិញក៏កំពុងមានសន្ទុះទៅមុខយ៉ាងល្អ។

លោកចាត់ទុកថា តំបន់ជ្រោយចង្វារ ជាតំបន់ប្រកបដោយសក្តានុពល និងមានប្រែប្រួលយ៉ាងឆាប់រហ័សជាបន្តបន្តាប់។ បើក្រឡេកមើលទៅក្រោយ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លងកាត់ផ្ទាល់នូវស្ថានភាពលំបាក ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺអាចនឹងដឹងច្បាស់ថា តំបន់នេះមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន ដោយចាប់ផ្តើមពីតំបន់ដាច់ស្រយាល គ្មានស្ពាន មិនសូវមានមនុស្សរស់នៅ ប៉ុន្តែមកដល់បច្ចុប្បន្នសំបូរទៅដោយហាងអាជីវកម្ម និងសំណង់លំនៅដ្ឋានប្រណិតជាច្រើន ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ទាំងនេះ គឺជា «ផលជាក់ស្តែងពិតប្រាកដនៃការអភិវឌ្ឍ» ដែលធ្វើឱ្យតំបន់នេះក្លាយទៅជាតំបន់ដែលមានតម្លៃដីខ្ពស់ និងផ្តល់ផលវិជ្ជមានសម្រាប់ប្រជាពលរដ្ឋជាច្រើន។ អ្វីដែលពិសេស គឺការអភិឌ្ឍទាំងនេះ កើតឡើងពីការចូលរួមរបស់សហគ្រិនក្នុងស្រុក៖ «ខ្មែរអាចធ្វើបាន» តាមរយៈការវិនិយោគកសាងដោយខ្មែរ សម្រាប់ប្រជាជនខ្មែរ ដើម្បីសុខសុភមង្គលប្រជាជនខ្មែរ រួមបង្កើតបានជាមោទនភាពនៃការរីកចម្រើនរបស់ជាតិ៕