(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម៉ូដឺណា (Moderna) សរុបប្រមាណ១៨៨,១៦០ដូស ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នោះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រលប់ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា វ៉ាក់សាំងខាងលើនេះជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ប្រមាណ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត៣លានដូសហើយ ដែលកូវ៉ាក់បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ននេះកម្ពុជារកបានវ៉ាក់សាំងសរុបជាង៤០លានដូស ក្នុងនោះជាង៣០លានដូសជាវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន៕