(គ្វីតូ)៖ អាជ្ញាធរដោះស្រាយគ្រាមានអាសន្នរបស់ប្រទេស អេក្វាទ័រ (Ecuador) បានសម្រេចដាក់ខេត្តចំនួន០៦ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះnទៅក្នុងគ្រាមានអាសន្ន បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី កម្រិត៧,៨រ៉ិចទ័រ វាយប្រហារក្រុង Muisne ជាប់ឆ្នេរសមុទ្រ ចម្ងាយ៣០០គីឡូម៉ែត្រពី ទីក្រុង Guayaquil ភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា មនុស្សស្លាប់រហូតមកដល់ពេលនេះ មានចំនួន២៨នាក់ ហើយគ្រោះរញ្ជួយដីនោះក៏ បានធ្វើឲ្យអគារជាច្រើនក្នុងរដ្ឋធានី គ្វីតូ រងភាពរង្គោះរង្គើផងដែរ ដែលជាហេតុនាំឲ្យដាច់ចរន្តអគ្គិសនី និងផ្លូវថ្នល់ជាច្រើនរងការខូចខាត។ ដោយឡែកប្រទេសប៉េរូ ដែលនៅជិតខាង បានធ្វើការប្រកាស អាសន្នថានឹងអាចកើតមានរលកយក្សស៊ូណាមិ ថែមទៀត។

យោងតាមភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក ពីតំណាក់កាលដំបូងបានគណនាថាគ្រោះរញ្ជួយដី ខាងលើនេះមានកម្រិតតែ ៧,៤រ៉ិចទ័រប៉ុណ្ណោះ ប៉ុន្តែដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរវាបានវិវឌ្ឍន៍ កាន់តែអាក្រក់ទៅដល់កម្រិត ៧,៨រ៉ិចទ័រ ដែលជាកម្រិតខ្លាំងក្លា កម្រនឹងកើតមានណាស់៕