(ភ្នំពេញ)៖ ក្នុងនាមជាប្រទេសភូមិផង និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្តីបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវ ដែលកំពុងជួបវិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ឆ្លើយតបចំពោះក្តីបារម្ភនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើរដ្ឋាភិបាលជប៉ុន ជួយដល់ប្រទេសឡាវ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចជួបពិភាក្សាការងារជាបន្តបន្ទាប់ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វមីអូ គីស៊ីដា (Fumio Kishida) តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្នុងអ្នកព័ត៌មានថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូននាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហាញនូវក្តីបារម្ភមួយចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ឡាវ ដែលកំពុងជួបវិបត្តិបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។

លោក ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់ពីសំណើរបស់សម្តេចតេជោយ៉ាងដូច្នេះ «ជាមួយគ្នានេះសម្តេចតេជោ បានស្នើជប៉ុន ពិចារណាជួយឡាវផង ដោយសារឡាវ កំពុងជួបបញ្ហាជំងឺឆ្លងផង និងបញ្ហាសេដ្ឋកិច្ច។ ដូច្នេះសុំឱ្យជប៉ុន ពិចារណាជួយទៅកាន់ភាគីឡាវ»

ពាក់ព័ន្ធនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសឡាវនេះ ក្នុងជំនួបដាច់ដោយឡែកមួយទៀតជាមួយលោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់លោកស្រី ពីការផ្តល់ជំនួយរបស់កម្ពុជាទៅកាន់ប្រទេសឡាវ។ បន្ថែមពីលើនោះនៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះអាស៊ាន សម្តេចក៏នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាមូលនិធិរបស់អាស៊ាន ទៅកាន់ប្រទេសឡាវផងដែរ។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកស្រី ម៉ារស៊ូឌី បានកោតសរសើរកម្ពុជា ដែលបានផ្តល់ជំនួយទៅកាន់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក៏បានអះអាងដែរថា ឥណ្ឌូនេស៊ី ក៏នឹងជួយឡាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។

លោក កៅ គឹមហួន បានដកស្រង់សម្តីលោកស្រី ម៉ារស៊ូឌី មកបញ្ជាក់យ៉ាងដូច្នេះ «ក្នុងចំណុចនេះលោកជំទាវ បានថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលកម្ពុជាយកចិត្តទុកដាក់ និងផ្តល់ជាជំនួយដល់ប្រទេសឡាវ ហើយលោកជំទាវមានប្រសាសន៍ថា ឥណ្ឌូនេស៊ី នឹងជួយដល់ប្រទេសឡាវផងដែរ»

សូមបញ្ជាក់ថា ប្រទេសឡាវ ជាប្រទេសមួយរបស់អាស៊ាន ដែលកំពុងជួបវិបត្តិបណ្តាលមកពីរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសមួយរបស់អាស៊ាន បានផ្តល់ជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសឡាវ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ មានដូចជាម៉ាស់ បរិក្ខារពេទ្យ និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាស ១៣លានដុល្លារ ជូនទៅរដ្ឋាភិបាល និងប្រជាជនឡាវ។ ក្នុងនោះ ៣លានដុល្លារ របស់រាជរដ្ឋាភិបាល និង ១០លានដុល្លារ ជារបស់សប្បុរសជន។

បន្ថែមពីលើនោះ សម្តេចតេជោ ក៏បានសម្រេចផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត រួមនឹងរថយន្តដឹកវ៉ាក់សាំង ៣គ្រឿង ជូនទៅរដ្ឋាភិបាលឡាវផងដែរ៕