(ភ្នំពេញ)៖ រាប់ចាប់ពីរាជធានីភ្នំពេញ​ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាមជ្ឈមណ្ឌលរដ្ឋបាល​ និងពាណិជ្ជកម្ម​ រហូតដល់ព្រំដែននៃកម្ពុជា​ ជាមួយនិងបណ្តាមិត្តជិតខាង​ សង្កេតឃើញ​ កងកម្លាំងប្រដាប់អាវុធទាំងក្នុង​ប្រទេស​ និងនៅតាមបណ្តោយព្រំដែន​ រួមជាមួយនិងអាជ្ញាធរ មូលដ្ឋាន​ទាំងអស់​ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ​ ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ​ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ដែលទើបនិងបញ្ចប់កាលពីម្សិលមិញ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹង​ និងគោរពវាយតម្លៃខ្ពស់នូវប្រសាសន៍របស់សម្តេចតេជោ​ដែល ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តរក្សា ឲ្យបានជាដាច់ខាត​ នូវសុខសន្តិភាពទូទាំងផ្ទៃប្រទេស​ ដែលសម្តេចតេជោ​ សម្រេចបាន​»​ ដើម្បីឆ្ពោះបន្តទៅការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរ សប្បាយជារៀងរហូតរបស់ប្រជាជាតិកម្ពុជា។ ប្រសិនបើគ្មានសុខសន្តិភាព​ ដែលសម្តេចតេជោ​ សម្រេចបាននោះទេ​ យើងទាំងអស់គ្នាប្រាកដ ជាពុំមានឱកាសជួបជុំក្រុមគ្រួសារ​ រីករាយ​ និងស្និតស្នាល​ ដូចសព្វថ្ងៃនេះទេ។

លោក ផៃ ស៊ីផាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី​ ព្រនាម​មណ្ឌាទេវី​ សូមតាមជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ​ កងកម្លាំងប្រដាប់អាវុធទាំងក្នុង​ប្រទេស​ និងនៅតាមបណ្តោយព្រំដែន​ រួមជាមួយនិងអាជ្ញាធរមូលដ្ឋាន​ទាំងអស់​ ក្នុងបេសកកម្មដើម្បីជាតិមាតុភូមិ៕