(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានយកភួយ អាវរងា និងក្រមា ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះចែកជូនប្រជាពលរដ្ឋដែលជា ជនចាស់ជរា និងមានជីវភាពក្រីក្រ ចំនួន៨០នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង ដែលសម្ដេចទាំងទ្វេរ តែងតែបានរួមសុខរួមទុក្ខជាដរាប។

លើកឡើងក្នុងឱកាសនោះលោក ចេង មុនីរ៉ា បានផ្ដាំផ្ញើសេចក្ដីនឹករលឹកចំពោះប្រជាពលរដ្ឋ ដែលជាជនចាស់ជរា ជាបុព្វបុរស នៃក្មេងជំនាន់ក្រោយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ឃួង ស្រេង និងលោកស្រី ព្រមទាំងបានជូនពរប្រជាពលរដ្ឋឱ្យជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លង កាចសាហាវកូវីដ-១៩ ផងដែរ។

សូមបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក ចេង មុនីរ៉ា រៀបចំពិធីប្រគល់ជូនរួមមាន៖ ក្នុងម្នាក់ទទួលបាន ថវិកា ៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះមានភួយ០១, អាវរងា ០១ និងក្រមា ០១ ផងដែរ៕