(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ អមដំណើរដោយលោកស្រី ស៊ិន រតនា ជាអភិបាលរងខណ្ឌ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយមនុស្ស ធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចុះផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន៣០គ្រួសារ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាឱកាសនោះលោក ធឹម សំអាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។ ខណៈអាកាសធាតុបាននិងកំពុងចុះត្រជាក់បណ្តើរៗហើយនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវ ថែរក្សាសុខភាពជាចំបងផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច ក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជា នៅពេលនេះសម្តេចទាំងទ្វេរ មិនបណ្តែតបណ្តោយ ទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។

ជាមួយគ្នានេះលោក ធឹម សំអាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ បន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានចែកជូនប្រជាជនក្រីក្រទាំង៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូ, មីចំនួន៥កញ្ចប់, ម៉ាស់ចំនួន២០, ត្រីខ ៤ កំប៉ុង, ថ្នាំ ១កញ្ចប់, តែ ២កញ្ចប់, ស្ករស ចំនួន១ គីឡូ, ទឹកដោះគោខាប់ ចំនួន២កំប៉ុង និងភួយ១៕