(ពោធិ៍សាត់)​៖ ក្មេង​ស្រី​​២នាក់​ បាន​លង់ទឹក​​ស្លាប់ ​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល នៅរសៀល​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ២០១៦ នៅ​ចំណុច​ទឹកធ្លាក់ថ្មដា ស្ថិត​ក្នុងភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទី១-​ឈ្មោះ បូរ​ សុខហៀង​ ភេទស្រីអាយុ​១០ឆ្នាំ មានឪពុកឈ្មោះ​ កង​ បែន និង​ ម្តាយឈ្មោះ​ ពៅ​ រ៉ា​ និងទី២- ​ឈ្មោះ ភន​ ស្រីនីត​ ភេទស្រី អាយុ​០៨ឆ្នាំ មានឪពុកឈ្មោះ​ ឃន សំអុល និង​ម្តាយឈ្មោះ​ ផន សុភាព​ ។ ឪពុកម្តាយ​កុមារីរងគ្រោះ​ទាំងពីរ​ រស់នៅក្នុងភូមិកណ្តាល​ ឃុំថ្មដា ស្រុកវាលវែង ពោធិ៍សាត់​។​

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេឃើញក្មេងស្រីរងគ្រោះ​ទាំង​ពីរ​នាក់​ កំពុងជិះទូកលេងនៅចំណុចភូមិឃុំកើតហេតុខាងលើ​ ស្រាប់តែ​ទូកលិច​ ក៏បាត់ក្មេងទាំងពីរនាក់នោះតែម្តង​ ទើបបង្កការភ្ញាក់ផ្អើល​ នាំ​គ្នា​ចុះ​រាវ​ក្នុង​ទឹក​ ​ប្រទះ​ឃើញ​ក្មេងស្រី​ទាំងពីរ​នាក់​ ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ។​

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ជំនាញបច្ចេកទេស​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ ពិនិត្យ​សព​ក្មេង​ស្រី​រង​គ្រោះ ហើយ​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះទាំងពីរ​ពិតជា​ស្លាប់​ ដោយសារជិះទូកលិច​ ហើយ​លង់ទឹក​ខ្លួនឯង​ប្រាកដ​មែន​។ សព​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ បូរ​ សុខហៀង​ ត្រូវ​បាន​ប្រគល់​ ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ ​ធ្វើបុណ្យ​តាម​ប្រពៃណី។​ ដោយឡែកសព​ក្មេង​ស្រី​ឈ្មោះ ភន​ ស្រីនីត​ ត្រូវ​បានក្រុមគ្រួសារមិនអស់ចិត្ត​ក៏បញ្ជូនកូនរបស់ខ្លួន ទៅមន្ទីរពេទ្យខេត្តត្រាត​ ប្រទេសថៃ​ តែជាអកុសលកុមារីរងគ្រោះ បានស្លាប់​បាត់​ទៅ​ហើយ៕