(​គ្វី​តូ​)៖ រដ្ឋាភិបាល​នៃ​ប្រទេស​អេក្វាទ័រ (Ecuador) បាន​បញ្ចេញ​កញ្ចប់​ថវិកា​ដំបូង ៣០០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ភ្លាមៗ ក្នុង​ប្រតិបត្តិការ​សង្គ្រោះ ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​រញ្ជួយ​ផែនដី​កម្រិត ៧,៨​រ៉ិ​ចទ័​រ ដែល​បាន វាយប្រហារ​ភាគ​ពាយ័ព្យ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ២៤៦​នាក់​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិន​ហួរ នៅ​មុន​នេះ​បន្តិច នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦​។​

​កងទ័ព និង​កងកម្លាំង​ប៉ូលិស​សរុប ១៤,០០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ទៅ​តំបន់​នានា​ដែល​បាន ទទួល​រងគ្រោះ​រញ្ជួយ​ដី ដែល​បាន​កើតមានឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ នៅក្នុង​ប្រទេស​អេក្វាទ័រ ដែល​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង ជាប់​នឹង​មហាសាគរ​ប៉ាស៊ីហ្វិក ដែរនោះ​។ បច្ចុប្បន្ន​ខេត្ត​ចំនួន ០៦ នៅ​ក្បែរ​តំបន់​ដែល​បាន​រងគ្រោះ​រញ្ជួយ​ដី នៅតែ​ស្ថិត​ក្នុង​ការប្រកាសអាសន្ន​នៅឡើយ ហើយ​មនុស្ស ២,៥២៧ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យ​៕