(ស្ទឹងត្រែង)៖ បន្ទាប់ពីទទួលបាននូវវ៉ាក់សាំង ចំនួន៥០ម៉ឺនដូស និងរថយន្ដដឹកវ៉ាក់សាំង ចំនួន៣គ្រឿង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋាភិបាល និងប្រជាជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជំនួយទាំងអស់ ក្នុងគ្រាដែលប្រទេសគេកំពុងជួបប្រទះ និងប្រឈមជាមួយជំងឺកូវីដ១៩។

ការថ្លែងអំណរគុណនេះ ធ្វើឡើងតាមរយៈលោក ប៊ុនហ្វែង ភូមិម៉ាឡៃស៉ីត រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឡាវ ដែលអញ្ជើញមកទទួលនូវជំនួយទាំងអស់នេះ។ ក្នុងនោះ ភាគីកម្ពុជា មានការអញ្ជើញចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅច្រកព្រំដែនអន្ដរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឡាវ បានថ្លែងយ៉ាងដូច្នេះថា «តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ ព្រួយបារម្ភ និងបានផ្តល់ជំនួយដ៏មានតម្លៃនេះ ឲ្យរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវរបស់ពួកខ្ញុំ រហូតមក ទោះជាប្រទេសកម្ពុជា ទទួលរង់ផល់ប៉ះពាលធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចគ្នា តែរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅបានបែងចែកជំនួយដ៏មានតម្លៃមកឲ្យរដ្ឋាភិបាល និងប្រជាជនឡាវ»

លោក ប៊ុនហ្វែង ភូមិម៉ាឡៃស៉ីត បានអះអាងទៀតថា ជំនួយទាំងនេះ នឹងជាផ្នែកមួយសំខាន់ ចូលក្នុងការងារការពារទប់សកាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលប្រទេសឡាវកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន និងជាពិសេសការបង្កើនការការពារឲ្យសហគមន៍ និងការឈានទៅដល់ការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យបាន៥០ភាគរយ ក្នុងចុងឆ្នាំ២០២១នេះ។

រដ្ឋាភិបាលឡាវ វាយតម្លៃខ្ពស់លើជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានាលើកនេះ ក៏ដូចជាការផ្តល់ជំនួយនាកន្លងទៅដែលនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ ក្នុងនាមប្រទេសភូមិផងរបងជាប់គ្នា ដែលជាប្រពៃណីដ៏ល្អប្រសើរមានយូររង់មក និងជាដីគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រួយ ស្ថិតស្ថេរយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលកាន់តែពង្រឹងពង្រីក ចេញផ្លែចេញផ្កា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជំនួយថវិកាទាំង១៣លានដុល្លារនេះ មាន៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។

ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕