(ភ្នំពេញ)៖ លោកស្រី ទ្រី ឈួន មេធាវីការពារក្តី កញ្ញា ខុម ចាន់ដារ៉ាទី ដែលទើបទទួលបានសិទ្ធិការពារម្តងទៀត បានប្រាប់ Fresh News ឱ្យដឹងថា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ។

កញ្ញា ខុម ចាន់ដារ៉ាទី ដែលពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយ លោក កឹម សុខា ត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកោះហៅឱ្យចូល ទៅកាន់តុលាការក្រុងភ្នំពេញ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងគោលបំណងដើម្បីមកសាកសួរពីដំណើររឿង របាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ»៕