(ភ្នំពេញ)៖ ថ្វីត្បិតតែមានការទន្ទ្រានពីជំងឺកូវីដ-១៩ ប៉ុន្តែទឹកចិត្តស្រឡាញ់ការសិក្សា ស្រឡាញ់សៀវភៅ របស់សិស្សានុសិស្សកម្ពុជា មិនមានការថមថយនោះឡើយ។ ជាក់ស្តែង មជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន និងរាជបណ្ឌិត្យសភាកម្ពុជា បានសហការរៀបចំ ពិព័ណ៌សៀវភៅរូបភាព «ពិភពសៀវភៅកុមារជនជាតិចិន» នៅកម្ពុជា ឆ្នាំ២០២១ ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖ ១,ផ្តល់ឱកាសឱ្យកុមារ និងយុវជនកម្ពុជា ធ្វើការស្វែងយល់អំពីវប្បធម៌នៃការអានសៀវភៅរបស់សិស្សានុសិស្សប្រទេសចិន ២,ផ្តល់ឱកាសឱ្យសិស្សានុសិស្សចូលរួមបង្ហាញស្នាដៃ និងទឹកចិត្តស្រឡាញ់សៀវភៅរបស់ខ្លួនតាមរយៈការគូររូប ទោះបីជាពួកគេមិនចេះភាសាចិនក៏ដោយ ៣,បើកនូវបេះដូងសិស្សនុសិស្ស ក៏ដូចជាអាណាព្យាបាលសិស្សនៅកម្ពុជា ៤,ជម្រុញទំនាក់ទំនងកម្ពុជា-ចិន តាមរយៈការសិក្សា និងការផ្លាស់ប្តូរវប្បធម៌។

ក្រុមការងាររៀបចំពិព័ណ៌សៀវភៅនៅរាជបណ្ឌិត្យសភាកម្ពុជា

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបានរៀបចំឡើងកាលពីដើមខែវិច្ឆិកា និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។ ក្នុងរយៈពេល១ខែកន្លងមកនេះ កម្មវិធីនេះបានរៀបចំឡើងនៅតាមសាលារៀនរដ្ឋ និងសាលារៀនចំណេះទូទៅភាសាចិនចំនួន ២០ គ្របដណ្តប់ចំនួន ៧ខេត្តក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា និងមានសិស្ស និស្សិតចូលរួមសរុបចំនួន ៣០ ០០០នាក់។ ក្នុងចំណោមនោះ យើងទទួលបានស្នាដៃគំនូរចំនួន ២ ០០០ ផ្ទាំង។ នេះសបញ្ជាក់ឱ្យឃើញថា សិស្សានុសិស្សកម្ពុជា ពិតជាស្រឡាញ់ និងពេញចិត្តក្នុងការចូលរួមពិព័ណ៌សៀវភៅនេះ។

ទិដ្ឋភាពសិស្សានុសិស្សចូលរួមប្រកួតគូររូប

ស្នាដៃគំនូរឆ្នើម

ឆ្លងកាត់ការស្ទង់មតិអ្នកចូលរួមទាំង ៣០ ០០០នាក់ បានឱ្យដឹងថា ពិព័ណ៌សៀវភៅនេះ ពិតជាផ្តល់សារៈសំខាន់ ព្រោះជាជំហានដំបូងក្នុងការបើកផ្លូវឱ្យសិស្សានុសិស្សកម្ពុជា ធ្វើការស្វែងយល់អំពីប្រទេសចិន។ សិស្សានុសិស្សជាច្រើនទៀតដែលមិនបានចូលរួម បានសម្តែងការសោកស្តាយ ប៉ុន្តែពួកគេក៏សង្ឃឹមថានឹងមានឱកាសបែបនេះនៅពេលក្រោយទៀត។ លើសពីនេះទៅទៀត ពួកគេបានបញ្ជាក់បន្ថែមផងថា ពួកគេចង់បានឱកាសក្នុងការសិក្សាភាសាចិន បើសិនជាអាចគឺទៅសិក្សានៅប្រទេសចិនផ្ទាល់ ដើម្បីធ្វើការស្វែងយល់អំពីប្រទេសចិនបានកាន់តែច្រើន៕

ទិដ្ឋភាពសិស្សានុសិស្សចូលរួមពិពណ៌សៀវភៅ