(កណ្ដាល)៖ ត្រឹមប្រមាណ២៤ម៉ោងប៉ុណ្ណោះ ឃាតកម្មប្ដីចាក់សម្លាប់ប្រពន្ធនៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកបានដោយជោគជ័យ បន្ទាប់ពីចាប់ខ្លួនបានជនដៃដល់ជាប្ដីនៅចំណុចរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាវេលាម៉ោង០២៖៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ឈ្មោះ ធួក ឈាត (ជាប្ដីប្រពន្ធរងគ្រោះ)។

ហេតុការណ៍នៃអំពើឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង០១ថ្ងៃត្រង់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានបណ្ដាលឲ្យនារីរងគ្រោះម្នាក់ឈ្មោះ សូ ចាន់ធី អាយុ៣៨ឆ្នាំ ស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីបុរសជាប្ដីបានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ចំបំពងក។

លោកបន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងខេត្តសៀមរាប។

បន្ទាប់ពីចាប់ខ្លួនបាន ជនដៃដល់ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕