(ព្រះវិហារ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ស្របនឹងបរិបទកូវីដ១៩ បានចុះផ្សព្វផ្សាយអប់រំបន្តពីវិធានការពារ ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានណែនាំ រួមទាំងផ្តល់សម្ភារការពារទប់ស្កាត់ជាដើម។

ជាក់ស្តែង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងសហការី បានជួបសំណេះសំណាល និងប្រគល់ជែលលាងដៃចំនួន ៩១០កេស (ស្មើនឹង ១៤៥៦០ដប) ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អនុសាខាទាំង ៨ស្រុក/ក្រុង មន្ទីរពេទ្យបង្អែកខេត្ត ចំនួន២ មណ្ឌលសុខភាព ចំនួន៣០ និងប៉ុស្តិ៍សុខភាព ចំនួន១៧ សម្រាប់ប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។

ដោយឡែកមន្ទីរពេទ្យបង្អែកចំនួន២ ក្នុងមន្ទីរពេទ្យបង្អែកនីមួយៗទទួលបាន អាវចំនួន ១០០ឈុត និងអនុសាខា ៨ក្រុង-ស្រុក ទទួលបានម៉ាស់២កេស ស្មើនឹង ១៨០០ម៉ាសផងដែរ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនចំពោះ ថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិកទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដោយក្តីនឹករលឹក និងសូមជូនពរឲ្យ ទទួលបានជោគជ័យគ្រប់ភារកិច្ច។

លោកស្រីអគ្គលេខាធិការ បានបន្ថែមទៀតថា ការផ្តល់ជូន ជែលលាងដៃនាពេលនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាពបណ្តាស្រុក គឺជាកន្លែងទទួលពិនិត្យព្យាបាលជំងឺផ្សេងៗ និងជំងឺកូវីដ-១៩ ពិសេសកងទ័ពអាវស ដែលជាអ្នកជួរមុខ ពិតជាមានតម្រូវការចាំបាច់។

ជាមួយគ្នានោះ លោកស្រី ចឹក ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងខេត្តគ្រប់ពេលវេលា។ ជាងនេះទៅទៀត ក្នុងកាលៈទេសៈនេះ បានផ្តល់ជូនជែលលាងដៃដែលជាសម្ភារដ៏មានសារៈសំខាន់បំផុត សម្រាប់មន្ត្រីអនុវត្តការងារទប់ស្កាត់ ការចម្លងមេរោកូវីដ១៩។

សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាកបាទក្រហមកម្ពុជា បានប្រគល់ជែលចំនួន ៧៨៥កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៣២ ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ចំនួន ៧៣៧កេស ដល់មន្ទីរពេទ្យបង្អែកចំនួន ៨ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

ក្រៅពីនេះ កាកបាទក្រហមកម្ពុជា បានបែងចែក និងដឹកជញ្ជូនដល់ឃ្លាំង នៅតាមសាខាកាកបាទក្រហមកម្ពុជា ខេត្ត ចំនួន១០ផ្សេងទៀតរួចរាល់ហើយ ដែលនឹងធ្វើពិធីប្រគល់-ទទួលជាបន្តបន្ទាប់ ទៅតាមកាលបរិច្ឆេទសមស្រម។ ដោយឡែក ចំពោះខេត្ត ដែលមិនទាន់ទទួលបាន កាកបាទក្រហមកម្ពុជា នឹងប្រគល់ជូន បន្ទាប់ពីទទួលបានជែលលាងដៃពីក្រុមហ៊ុនខាងលើនេះ ជាជំហានទី២ នៅចុងខែធ្នូនេះ និងដើមខែមករា ឆ្នាំ២០២២ខាងមុខ៕