(ស្ទឹងត្រែង)៖ សាលាក្រុងស្ទឹងត្រែង ដោយមានកិច្ចសហការពីមន្ទីរផែនការខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) ក្នុងគោលបំណងស្វែងរកនូវការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ មន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្ត ក្នុងការគាំទ្រនៅគម្រោងនានា របស់រដ្ឋបាលក្រុង និងសង្កាត់នានានៃក្រុងស្ទឹងត្រែង ដើម្បីបំពេញនូវចក្ខុវិស័យគម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ សិក្ខាសាលានេះ ធ្វើឡើងនៅសាលប្រជុំសាលាក្រុងស្ទឹងត្រែង ក្រោមអធីបតីភាពលោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង។

លោក លី ប៊ុនឡោម ប្រធានមន្ទីរផែនការខេត្តស្ទឹងត្រែង បានឲ្យដឹងថា សិក្ខាសាលាស្តីពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុងនេះ ជាផែនការមួយដែលឈានទៅរកប្រក្រតីភាពគម្រោងអភិវឌ្ឍន៍ ដែលបានស្នើឡើងដោយក្រុង សង្កាត់ ទៅនឹងគោលបំណងគោលនយោបាយយុទ្ធសាស្ត្រ ដែលមាននៅក្នុងផែនការអភិវឌ្ឍរយៈពេល ២ឆ្នាំ ក៏ដូចជាផែនការអភិវឌ្ឍសង្កាត់រយៈពេល ៥ឆ្នាំ។

លោកបន្តថា «នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺយើងធ្វើការជ្រើសរើសគម្រោងជាអទិភាព ដើម្បីដាក់ចេញ និងស្វែងរកការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ មន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្ត ដែលមានថវិការគ្រប់គ្រាន់ក្នុងការគាំទ្រនៅគម្រោងនានារបស់រដ្ឋបាលក្រុង និងសង្កាត់ដែលបានដាក់ចេញ ដើម្បីបំពេញគម្រោងនិងជំរុញ ដល់ការអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែមានភាពរីកចំរើន»

លោកស្រី កែវ សាវឿន បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចសហការគ្នារវាងមន្ទីរផែនការខេត្ត និងរដ្ឋបាល ក្រុងស្ទឹងត្រែង ក្នុងការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិវិយោគបីឆ្នាំរំកិល ២០២២-២០២៤ ព្រមទាំងបានរួមសហការជាមួយ ដៃគូអភិវឌ្ឍន៍ខិតខំអនុវត្តការងារ អភិវឌ្ឍន៍មូលដ្ឋាន និង ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់ខ្លួន។

សិក្ខាសាលាសាមាហរណកម្មនេះ នាំគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំសង្កាត់ មានភាពស៉ីសង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និង អង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ។

លោកស្រី កែវ សារឿន បានស្នើដល់អង្គសិក្ខាសាលាទាំងមូល រួមទាំងអង្គការដៃគូអភិវឌ្ឍន៍ត្រូវរួមគ្នាពិនិត្យមើលពី គម្រោងនានាដែលរដ្ឋបាល ក្រុងក៏ដូចជារដ្ឋ បាលសង្កាត់ទាំង៤ ក្នុងក្រុងស្ទឹងត្រែងបានដាក់ចេញ និងជួយគាំទ្រនូវគម្រោងសំខាន់ៗដែលរដ្ឋបាលក្រុង និងសង្កាត់បានដាក់ចេញដើម្បី រួមចំណែកនិង ជំរុញដល់ ការអនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕