(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះបានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តចន្ត្រី ឃុំចន្ត្រី ស្រុករមាហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបានពាំនាំនូវការសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល និងបានលើកឡើងពីការខិតខំប្រឹងប្រែង កសាងជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យមានការរីកចម្រើនគ្រប់បែបយ៉ាង។ ទន្ទឹមនឹងនោះលោក ហ៊ឹម ឆែម ក៏បានសំណូមពរ ឲ្យបងប្អូនប្រជាពុទ្ធបរិស័ទ ចេះសាមគ្គីគ្នា បំពេញការងាររៀងៗខ្លួន រួមចំណែកដល់ការកសាងជាតិជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្រ្តី បានលើកឡើងថា រហូតដល់ពេលនេះក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ មានការរីកលូតលាស់យ៉ាងខ្លាំង ហើយវត្តអារាម បានរីកសុះសាយលើផ្ទៃប្រទេស ខណៈព្រះសង្ឃកើនឡើង រហូតដល់រាប់ម៉ឺនអង្គ ទូទាំងប្រទេស៕