(ភ្នំពេញ)៖ បុគ្គលិកភោជនីយ៍ដ្ឋានម្ហូបចិន យីហោ «ស៊ាវ ស៊ាវ» ដែលមានទីតាំងស្ថិត មហាវិថីព្រះមុន្នីវង្ស កែងផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ បាននាំគ្នាមកឈរកាប់បដាតវ៉ានៅមុខហាង ក្រោយពីថៅកែហាងរបស់ពួកគេ បានបញ្ឈប់ពីការងារព្រោះតែបានឈប់សម្រាកទៅលេងស្រុកកំណើត ថ្ងៃចូលឆ្នាំប្រពៃណីជាតិ។

លោក ហ៊ុន គឹមសេង អនុប្រធានសហជីពមជ្ឈមណ្ឌល​ម៉ាស្សាអាឡាស្កា បានប្រាប់ Fresh News នៅរសៀលនេះថា បុគ្គលិករបស់ហាង ស៊ាវ ស៊ាវ ដែលធ្វើការតវ៉ាមានចំនួន១៣នាក់ ស្រ្តី០៨នាក់ ហើយមូលហេតុនោះគឺពួកគេបានឈប់សម្រាប់ថ្ងៃចូលឆ្នាំ ស្រាប់តែពេលមកវិញត្រូវបាន ថៅកែហាងទាំងប្តី និងប្រពន្ធជាជនជាតិចិនបានបញ្ឈប់ពួកគេតែម្តង ព្រមទាំងមិនបានបើក​ប្រាក់ខែឲ្យ​ទៀតផង។ លោក ហ៊ុន គឹមសេង បានបញ្ជាក់ទៀតថា សម្រាប់ការតវ៉ានេះ ខាងបុគ្គលិក និងសហជីពរបស់លោកសូមទាមទារចំនួន៤ចំណុចរួមមាន សូមឲ្យថៅកែយកបុគ្គលិក​ទាំងអស់​ចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌ សូមថៅហាងត្រូវគោរពការងារ និងសូមឲ្យបើកលុយ​ទាំងអស់ជូនបុគ្គលិកវិញ ក្នុងករណីណាដែលថៅកែនៅតែមិនទទួលនោះ។

យ៉ាងណាក៏ដោយ អនុប្រធានសហជីពរូបនេះ បានបន្តថា នៅពេលនេះការចរចាកំពុង​តែត្រូវបានធ្វើឡើងក្រោម​ការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច៕