(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតជូន «មិត្តវិស័យមីន» ដោយអំពាវនាវជាថ្មីដល់ដៃគូអភិវឌ្ឍប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ ធ្វើយ៉ាងណាសហការជួយកម្ពុជាឲ្យរួចផុតពីការគំរាមកំហែង ដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែធ្នូនេះ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវយ៉ាងទទូច ដល់ដៃគូអភិវឌ្ឍប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូច ជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្តល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែង ដោយសារគ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែង នៅក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥»

សម្តេចសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នា បានចាប់ផ្ដើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បី «ឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥»

សម្តេចតេជោបានលើកឡើងថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបាន ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានទទួលនូវសិទ្ធិនិងសេរីភាព នៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោ បាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ ពាសពេញផ្ទៃប្រទេសជាមួយ នឹងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និងប្រទេសជាតិ។

កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ដោយប្រជាជនកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានទទួលស្គាល់អបអរសាទរ និងជួយគាំទ្រដល់វិស័យសកម្មភាពមីន ដើម្បីឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាបន្តបន្ទាប់។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអរគុណ និងវាយតម្លៃខ្ពស់ជូន ចំពោះដៃគូអភិវឌ្ឍប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃ ជាថវិកា ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិត ការកាត់បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ច សង្គម។

ជាមួយគ្នានេះ សម្តេចតេជោក៏សូមអរគុណដល់ប្រតិបត្តិករជាតិ អន្តរជាតិ ដែលបាន និងកំពុងប្រតិបត្តិការបោសសម្អាតមីន លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសជូនបងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការរំដោះផ្ទៃដី ផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ៕