(ភ្នំពេញ)៖ ប្រជាពលរដ្ឋតាមបណ្តោយផ្លូវ២១៧ ឬហៅថាផ្លូវចំការដូង ចាប់ពីចំណុចបុរី លឹម ឈាងហោ ចំការដូង រហូតដល់រោងចក្រស្រាបៀរកម្ពុជា ចាប់តាំងពីម៉ោងប្រមាណជា ៣រសៀលរហូតដល់ម៉ោង ៩៖០០នាទីយប់ថ្ងៃទី១៨ ខែមេសានេះ គ្មានទឹកប្រើប្រាស់នោះឡើយ ដោយប្រជាពលរដ្ឋខ្លះ ត្រូវចំណាយលុយទិញទឹកបរិសុទ្ធ ដើម្បីឲ្យកូនងូត និងប្រើប្រាស់ក្នុងផ្ទះជាបណ្តោះអាសន្ន។

លោក សុភក្រ្ត ជាប្រជាពលរដ្ឋ រស់ក្នុងបុរី លឹម ឈាងហោ ចំការដូង ដែលអត់ទឹកប្រើប្រាស់បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងបុរីជាមួយលោក ទាំងអស់គ្មានទឹកប្រើប្រាស់នោះទេ ហើយត្រូវបង្ខំចិត្តទៅទិញទឹកសុទ្ធ ដើម្បីដាំស្លរ និងងូតជាបណ្តោះអាសន្ន ទម្រំាមានទឹកប្រើប្រាស់ឡើងវិញ។ ក្រុមប្រជាពលរដ្ឋសម្តែងនូវក្តីសោកស្តាយ ចំពោះរដ្ឋាករទឹករាជធានីភ្នំពេញ ដែលមិនបានជូនដំណឹង ជាមុនពីការដាច់ទឹកនេះ ដែលធ្វើឲ្យពួកគាត់លំំបាកយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងការដាច់ទឹកនេះដែរ មន្ត្រីរដ្ឋាករទឹកបានសុំការយោគយល់ និងអនុគ្រោះ ចំពោះការមិនជូនដំណឹងជាមុននេះ ហើយថា ប្រហែលជា២ ឬ៣ម៉ោងទៀតប៉ុណ្ណោះ ទឹកនឹងមានប្រើប្រាស់វិញហើយ។

មន្ត្រីដដែលរូបនោះពន្យល់ថា មូលហេតុដែលនាំឲ្យដាក់ទឹកប្រើប្រាស់នេះ ក៏ដោយសារតែរដ្ឋាករទឹក បានផ្លាស់ប្តូរបំពង់បញ្ជូនទឹកថ្មីដែលមានទំហំ ៥០សង់ទីម៉ែត្រ ដូច្នេះដើម្បីឲ្យប្រើប្រាស់បណ្តាញបង្ហូរទឹកថ្មី នេះបាន ត្រូវធ្វើការបង្ហូរទឹកលាងសម្អាត ឲ្យបានស្អាតល្អ ហើយការងារលាងសម្អាតនេះ ទើបតែបញ្ចប់នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ និងកំពុងបង្ហូរទឹកចូលក្នុងបំពេញនោះវិញ។ ដូច្នេះទឹកដែលហូរចូលបំពង បណ្តាញថ្មីនោះមិនទាន់ពេញ ទើបបណ្តាលឲ្យបងប្អូននៅតំបន់នោះ គ្មានទឹកប្រើប្រាស់យ៉ាងនេះ។

មន្ត្រីរដ្ឋាករទឹកដដែលបញ្ជាក់ទៀតថា រដ្ឋាករទឹករាជធានីភ្នំពេញ សូមអធ្យាស្រ័យចំពោះការមិនបានជូនដំណឹងមុន ពីការដាក់ទឹកនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកអភិបាលខណ្ឌដង្កោ នុត ពុធដារ៉ា បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងនៃការដាច់ទឹកនេះ លោកបានទូរស័ព្ទជំរុញឲ្យមន្ត្រីរដ្ឋាករទឹក ពន្លឿនការតភ្ជាប់ទឹក ឲ្យបានលឿន ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ឡើងវិញ៕