(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២ ហើយមានរយៈពេល០៤ខែ និងមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងស្រុកចំការលើ ស្ទឹងត្រង់ កោះសូទិន កងមាស និងស្រុកស្រីសន្ធរ ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនដល់ប្រជាពលរដ្ឋ យុវវ័យ និងកុមារចាប់ពីអាយុ០៥ឆ្នាំ មានប្រជាពលរដ្ឋ អាណាព្យាបាល កុមារចាប់ពីអាយុ០៥ឆ្នាំ ភាគច្រើនលើសលប់ បានចូលរួមយ៉ាងផុសផុល ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងទី២ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់អ្នកអាយុចាប់ពី១៨ ឆ្នាំឡើង រស់នៅក្នុងស្រុកចំការលើ ស្ទឹងត្រង់ កោះសូទិន កងមាស និងស្រុកស្រីសន្ធរ បន្ទាប់ពីទទួលបាន់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ហើយមានរយៈពេល០៤ (បួន) ខែ ដើម្បីបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ ទប់ទល់នឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ត បានសំណូមពរប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើង រស់នៅតាមបណ្តាស្រុកខាងលើ និងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ហើយមានរយៈពេល ០៤ខែ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត បានរៀបចំចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ៕