(ត្បូងឃ្មុំ)៖ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកួតកីឡាបាល់ទាត់ជាមិត្តភាពនៅភូមិអំពិល ឃុំប៉ឺស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រវាងក្រុម យុវជនភូមិអំពិល (១) ជាមួយនាគខ្មៅគីឡូ៧ និងយុវជនភូមិអំពិល (២) ជាមួយសុីយ៉ាប្រេន។

ថ្លែងក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជាផងដែរ។ លោកបន្ដថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបាល់ទាត់ ក៏មានការរីកចម្រើនគួរជាទីមោទនៈ។

ក្នុងពេលថ្មីៗនេះកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនជាខ្លាំង និងបានទទួលការចាប់អារម្មណ៍ពីប្រទេសនានានៅលើសកលលោក ទាំងនេះគឺដោយសារតែប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានធ្វើឲ្យប្រទេសជាតិរីកចម្រើន និងមានសុខសន្តិភាពប៉ុណ្ណោះទេ សាសនិកឥស្លាមនៅកម្ពុជាក៏បានប្រែមុខមាត់ថ្មី ដោយទទួលបានការយកចិត្តទុកដាក់ ជួយគាំទ្រ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យសង្គមកិច្ច និងឥស្លាមសាសនា ជាពិសេសមានថ្នាក់ដឹកនាំឥស្លាមជាច្រើនរូប បាននិងកំពុងធ្វើការងារក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំជាដើម។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជន សូមងាកមកលេងកីឡាឲ្យបានច្រើន ព្រោះកីឡាធ្វើឲ្យមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ និងនាំឲ្យយើងគេចផុតពីអំពោះអបាយមុខ។

លោកបានសុំណូមពរដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព បន្តការគាំទ្ររាជរដ្ឋាភិបាល និងអំពាវនាវដល់ប្រជាពលរដ្ឋ សូមយកកូនចៅទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លង COVID-19 ឲ្យបានគ្រប់ៗគ្នា ពីព្រោះមេរោគនេះអាចចម្លងដល់មនុស្សគ្រប់គ្នា បើសិនខ្វះការយកចិត្តទុកដាក់ក្នុងការការពារ។ នៅចុងបញ្ចប់ លោកបានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ជូនគណៈកម្មការរៀបចំកីឡាបាល់ទាត់ និងបាល់ចំនួន២០គ្រាប់ផងដែរ៕