(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងមិត្តភក្តិជំនាន់ទី៣ នៃវិទ្យាល័យកំពង់ធំ បាននាំយកបច្ច័យ រួមនឹងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃ១៧០អង្គ កំពុងសិក្សារៀនសូត្រនៅវត្តឥន្ទ្រីយ៍សំវរៈ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែរក្សាបានសុខសន្តិភាពសេចក្តីសុខសាន្តជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញសេដ្ឋកិច្ចជាតិរបស់យើងឲ្យមានកំណើនជាបន្តបន្ទាប់ ហើយបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរលោកស្រីបានបន្តថា ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរតាំងពីយូរណាស់មកហើយ។

លោកស្រីបានឱ្យដឹងថា ការនាំយកបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃ គឺដើម្បីគោរពដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជនមានជីដូនជីតាញាតិការ៧សណ្តានដែលបានធ្វើមរណកាលទៅហើយនោះ និងបង្ហាញឲ្យឃើញនូវការសាមគ្គីភាព រវាងបងប្អូនមិត្តរួមជំនាន់អតីតសិស្សវិទ្យាល័យកំពង់ធំទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់យុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើនបង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន។

សូមបញ្ជាក់ផងដែរថា សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ត្រីខ និងបច្ច័យកសាងមួយចំនួនព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃផងដែរ៕