(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន៣០៤គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលវិបត្តិកូវីដ១៩ រស់នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានចាត់លោក សោ សាវឿន អនុប្រធានក្រមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ យកទៅប្រគល់ជូននៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ លោក សោ សាវឿន បាននាំំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ណេង, លោក ហ៊ុន ម៉ាណែត ប្រធានយុវជនថ្នាក់កណ្តាល និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ដែលជានិច្ចកាលថ្នាក់ដឹកនាំលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរដ្ឋគ្រប់មជ្ឈដ្ឋាន និងសូមឲ្យបន្តរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ ដោយត្រូវបន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមបន្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ រួមមាន អង្ករ២៥គីឡូក្រាម, អាវរងាចំនួន១, ថវិកាម្នាក់ ១០,០០០រៀលផងដែរ៕