​(ភ្នំពេញ​)៖ យ៉ាងហោចណាស់មាន មនុស្ស៧នាក់​ បានស្លាប់​១០នាក់រងរបួសធ្ងន់ និង២១នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៦ម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៣​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង​,​ រថយន្ត​ធុន​តូច​២​គ្រឿង​, ​រថយន្ត​ធុ​នធំ៣​គ្រឿង​,​ យាន​ផ្សេងៗ​១​គ្រឿង ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​២​លើក ​(​ស្លាប់​២​នាក់​), ​មិន​ប្រកាន់​ស្តាំ​២​លើក​ (​ស្លាប់​៣​នាក់​)​,​ បត់គ្រោះថ្នាក់​២​លើក​, ​ប្រជែង​១​លើក​ (​ស្លាប់​២​នាក់​)​ ,​មិន​គោរព​សិទ្ធិ​១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់​ (​យប់​១​នាក់​)​។

នៅថ្ងៃទី១៨ ខែមេសាម្សិលមិញនេះផងដែរ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ រកឃើញ​មធ្យោបាយ​ល្មើស​៣,៤០៦​គ្រឿង​,​ អប់រំ​៩០០​គ្រឿង​,​ ពិន័យ​២,៥០៦​គ្រឿង​៕