(សេអ៊ូល)៖ ទីភ្នាក់ងារសម្ងាត់ think-tank របស់អាមេរិក បានអះអាងថា រូបភាពទាំងឡាយពីប្រព័ន្ធ ផ្កាយរណបរបស់កូរ៉េខាងត្បូងនោះ គឺនៅមានកម្រិតនៅឡើយ ដែលវាមិនអាចឲ្យយើងសន្និដ្ឋាន ជារួមថាកូរ៉េខាងជើង កំពុងតែរៀបចំធ្វើតេស្តនុយក្លេអ៊ែរ ជាលើកទីប្រាំនោះឡើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។

ទោះបីជាបែបនេះក្តី ក៏ក្រុមសង្កេតការណ៍របស់អាមេរិក និងកូរ៉េខាងត្បូង នៅឯវិទ្យាស្ថានមួយក្នុង សកលវិទ្យាល័យ Johns Hopkins បានបង្ហាញការសន្និដ្ឋានផ្ទុយគ្នាថា បច្ចុប្បន្ននេះកូរ៉េខាងជើង បានអភិវឌ្ឍន៍បច្ចេកវិទ្យាកាន់តែខ្ពស់ហើយ ហេតុដូច្នេះការលាក់បាំង ឬ បំភ័ន្តភ្នែកអន្តរជាតិនោះ គឺជារឿងដែលងាយនឹងធ្វើបំផុត។

គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ ម្សិលមិញនេះប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានប្រាប់គណរដ្ឋមន្ត្រីរបស់ខ្លួនថា ឯកសារពីភ្នាក់ងារសម្ងាត់ បានអះអាងថាទីក្រុងព្យុងយ៉ាង កំពុងតែរៀបចំធ្វើតេស្តអាវុធនុយក្លេអ៊ែរជាថ្មីទៀតហើយ។ នេះជាមហិច្ឆិតារបស់មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន ដែលចង់ឲ្យសមត្ថភាពនុយក្លេអ៊ែររបស់រដ្ឋដ៏ឯកោមួយនេះ ឡើងខ្ពស់ថែមមួយកម្រិត៕