(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានសម្ដែងនូវការសោកស្ដាយចំពោះការយាងចូលទិវង្គតសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ៊្វុនស៉ិនប៉ិច កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះរោគាពាធនៅប្រទេសបារាំង។

លោកបានចាត់ទុកថា ការយាងចូលទិវង្គតសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នាពេលនេះ គឺជាការបាត់បង់នូវឥស្សរជនយោបាយដ៏ឆ្នើមមួយ ក្នុងចំណោមអ្នកនយោបាយខ្មែរ ព្រោះព្រះអង្គបានចូលរួមយ៉ាងប្រពៃថ្លៃថ្លាជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការនំាមកវិញនូវរបបរាជានិយម ឬព្រះរាជាណាចក្រកម្ពុជាទី២ ក្នុងប្រវត្ដិសាស្រ្ដសម័យទំនើបយើងនេះ។ ទន្ទឹមនឹងការសោកស្ដាយនេះផងដែរ ក៏ជាការដាស់សតិ ស្មារតីឲ្យអ្នកនយោបាយខ្មែរទំាងអស់ ត្រូវគិតដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រោះជីវិតយើងម្នាក់ៗគ្មានអ្វីទៀងទាត់ឡើយ ដូចទស្សន:ព្រះអង្គថា «គ្មានអ្វីអមត:ទេគឺមានតែជាតិខ្មែរដែលជារបស់ខ្មែរទេ ទើបអមត:» ដោយជីវិតយើងម្នាក់ៗបើធៀបនឹងផែនដីនៃព្រះនគរយើងនេះ គឺខ្លីណាស់ពុំស្មើនឹងអាចម៍អាសុចផង។

ដូចនេះបើនិយាយអំពីគុណតម្លៃសម្ដេចក្រុមព្រះ ទោះបីព្រះអង្គមានបញ្ហាផ្ទៃក្នុងបក្ស ឬបញ្ហាផ្ទាល់ខ្លួនរបស់ព្រះអង្គយ៉ាងណាក្ដី តែអ្វីដែលព្រះអង្គមានគុណតម្លៃចំពោះជាតិ មាតុភូមិដោយតិចក្ដី ឬច្រើនក្ដីគឺជាតិចងចំាតរៀងទៅ។ ស្ថិតក្នុងន័យនេះហើយ បានជារាជរដ្ឋាភិបាលក្រោមការដឹកនំាសម្ដេចតេជោ បានកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះជាការកាន់ទុក្ខប្រចំាព្រះនគរ។

បានសេចក្ដីថា ចំពោះកេរ្ដិ៍ដំណែលសម្ដេចក្រុមព្រះ ដែលបានចូលរួមជ្រោងទង់ជាមួយសម្ដេចតេជោ ក្នុងការនំាមកវិញនូវព្រះរាជាណាចក្រកម្ពុជាទី២ ដូចចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលកម្រមានក្នុងប្រវត្ដិសាស្រ្ដពិភពលោកសម័យទំនើបយើងនេះ គឺជាតិចងចំា។

លោក រ័ត្ន សណ្ដាប់ បន្ដថា បើងាកមកនិយាយអំពីសាវតារសម្ដេចក្រុមព្រះ គឺបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រះអង្គជានាយករដ្ឋមន្រ្តីទី១ នៃកម្ពុជាពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។ ស្ថិតក្នុងព្រះរាជតួនាទីនេះ ព្រះអង្គបានចូលរួមស្ដារប្រទេសឡើងវិញ ពិសេសកិច្ចសហប្រតិបត្ដិការរវាងសភានិងសភានៃបណ្ដាប្រទេសនានា។

សម្ដេចក្រុមព្រះ ទ្រង់បានប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នំា១៩៤៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រះអង្គជាព្រះរាជបុត្រព្រះបាទនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងមាតាអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាដការី នៃរបាំព្រះរាជទ្រព្យ ហើយត្រូវជាព្រះរាម ព្រះបិតាតែមួយ មាតាទីទៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការ:នៃយើង។

សម្ដេចក្រុមព្រះ បានទទួលការអប់រំនៅរាជធានីភ្នំពេញ និងនៅប្រទេសបារាំង។ បន្ទាប់មកទ្រង់ក៏បានក្លាយជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងច្បាប់នៅសាកលវិទ្យាល័យ Aix-en-Provence ចុងទសវត្សឆ្នាំ១៩៧០។ សម្ដេចក្រុមព្រះ ទ្រង់មានសញ្ជាតិពីរ គឺខ្មែរ និងបារាំង ហើយព្រះអង្គបានចូលធ្វើសកម្មភាពនយោបាយហ៊្វុនស៉ិនប៉ិចក្នុងឆ្នាំ១៩៨៣ ហើយបានក្លាយជាប្រធានបក្សនៅឆ្នាំ១៩៩២។ ក្រោយមកនៅខែមិថុនា ឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានទទួលគោរមងារជា «ស្ដេចក្រុមហ្លួង» និងនៅខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតំឡើងឋានៈជា «សម្តេចក្រុមព្រះ»។

ព្រះអង្គសម្ដេចក្រុមព្រះ ទ្រង់បានរៀបអភិសេកជាមួយ មហេសីទីមួយ គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នំា១៩៦៨ នៅរាជធានីភ្នំពេញ (ឈ្មោះដើម អ្នកស្រី អេង ម៉ារី) បានបុត្របីអង្គ គឺព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ បច្ចុប្បន្នជាអនុប្រធានស្ដីទីគណបក្សហ្វ៊ុនស៉ិនប៉ិច, ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ និង ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី។ ជាមួយអ្នកម្នាង អ៊ុក ផល្លា ទ្រង់បានបុត្រ ពីរអង្គគឺអ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ប្រសូត ឆ្នាំ២០០៣ និង អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស ប្រសូត ឆ្នាំ២០១១។

ក្នុងសកម្មភាពនយោបាយ បើតាមការកត់សម្គាល់អំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គ គឺទ្រង់តែងភ្ជាប់ព្រះអង្គទៅនឹងព្រះករុណា ព្រះបាទនរោត្ដម សីហនុ ដើម្បីប្រមូលការគាំទ្រមកលើគណបក្សហ៊្វុនស៉ិនប៉ិច នៅអំឡុងការបោះឆ្នោតឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨។ ជាទីអវសាន សម្ដេចក្រុមព្រះ ព្រះអង្គបានជួបនូវគ្រោះថ្នាក់ ចរាចរណ៍ធំៗចំនួន២លើកគឺ លើកទី១ នៅថ្ងៃទី២៥ ខែមេសា ឆ្នំា២០១៥ នៅខេត្ដកំពង់ចាម។

លើកទី២នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្ដព្រះសីហនុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់នេះបានបណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា បានបាត់បង់ជីវិតពីលោកយើងទៅ ព្រះអង្គក៏បានទទួលការពិនិត្យព្យាបាលព្រះកាយនៅប្រទេសថៃ និងចាប់តាំងពីពេលនោះមក ព្រះអង្គតែងយាងទៅគង់នៅប្រទេសបារាំង ដើម្បីសម្រាកព្យាបាលជំងឺរហូតដល់យាងចូលទិវង្គត៕