(ភ្នំពេញ)៖ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំគណៈចលនាសាសនិកឥស្លាម អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយនៅវិហារឥស្លាម គីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ។

ក្នុងឱកាសនោះ លោកស្រី ម៉ាណ ណាវី បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលខិតខំទាំងកម្លាំងកាយចិត្តដើម្បីរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍។ លើសពីនោះទៅទៀត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ឱកាសសម្រាប់សាសនិកឥស្លាម ក្នុងការបំពេញការងារជួររដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈចលនាឥស្លាម ដែលតែងតែយកចិត្តទុកដាក់ ក្នុងការផ្ដល់អំណោយជូនដល់ប្រជាពលរដ្ធខ្វះខាត ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនោះ រួមាន ដំណាប់ល្មើ ៥៥ ស្មើនឹង៤៤០ប្រអប់, គម្ពីរអាល់គួរអាន ៤កេស ស្មើនឹង១៦០ក្បាល, ឈុតរុំសព កាហ្វាន់ម៉ាយិ ៦កេស ស្មើនឹង១០៨ឈុត ដែលបានមកពីការឧបត្ថម្ភរបស់សប្បុរសជន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សហការជាមួយសមាគមន៍សម្ព័ន្ធយុវជនកម្ពុជា៕