(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហើបអំពីការបម្រុងទុកអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ចំនួន៤នាក់ របស់គណបក្សកាន់អំណាច ដោយក្នុងនោះមាន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចផងដែរ។ ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា ការដាក់បេក្ខភាពមិនធ្វើឡើងនៅពេលនេះទេ តែអាចធ្វើឡើងនៅក្រោយឆ្នាំ២០២៨។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនិយាយរឿងបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនផ្សេងទៀត គំនិតរបស់ខ្ញុំ ខ្ញុំបានត្រៀមបេក្ខជនរហូតដល់៤នាក់ ទោះបីប៉ុន្មានថ្ងៃនេះ បេក្ខជនម្នាក់ដែលសម្តេចមិនចេញស្តីនោះ បានចេញសារគាំទ្រ ហ៊ុន ម៉ាណែត ហើយក៏ដោយ ប៉ុន្តែអ្នកនោះនៅតែជាគោលដៅបម្រុងទុក»

លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោកគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ការប្រកាសនេះ នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

លោកបណ្ឌិត ហ៊ុន ម៉ាណែត វ័យប្រមាណ៤៤ឆ្នាំ គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក។ លោកបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធារបស់អាមេរិក West Point។ សម្រាប់កិច្ចការងារនយោបាយ លោកក៏ជាប្រធានយុវជនថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្រ្តៃយ៍ ដែលមានវ័យក្មេងជាងគេផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំឧទ្ទេសនាមបេក្ខជន នៅក្នុងចិត្តរបស់ខ្ញុំម្នាក់ចេញមកដែលគេលេីកម្តងហេីយម្តងទៀត ប៉ុន្តែបែរជាចេញមកមានការគាំទ្រពេញទំហឹង»

ក្នុងនាមជាឪពុក សម្តេចមានបំណងចង់ឱ្យកូនខ្លួនឯងកាន់តំណែងខ្ពង់ខ្ពស់ ដែលមិនខុសពីបំណងរបស់ឪពុកគ្រប់គ្នានោះទេ ហើយថា អ្នកដែលនិយាយថា មិនចង់ឱ្យកូនធ្វើធំ គឺកុហកខ្លួនឯង។ សម្តេចលើកឡើងថា «ខ្ញុំប្រើពាក្យមួយថា “ហ៊ុន ម៉ាណែត” ជាបេក្ខជនមួយក្នុងចំណោមបេក្ខជនផ្សេងទៀត មានន័យថា មិនមែនមានតែ ហ៊ុន ម៉ាណែតមួយទេ ដែលជាបេក្ខជន ដែលមានន័យ២បែប គឺ១៖ ន័យក្នុុងគណបក្សប្រជាជនខ្លួនឯង និង២៖ ន័យទូទៅដែលគណបក្សនយោបាយសុទ្ធតែមានសិទ្ធិ ដាក់បេក្ខភាពនាយករដ្ឋមន្រ្តី។ នេះជាន័យទី១ ឯន័យទី២ ត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត ព្រោះនាយករដ្ឋមន្រ្តី ត្រូវតែជាសមាជិកសភា បើមិនមែនសមាជិកសភាមិនអាចធ្វើបានទេ»

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់បេក្ខជន នឹងធ្វើឡើងនៅក្រោយឆ្នាំ២០២៨ ខណៈដែលសម្តេចបានប្រកាសជាលើកទី២ ថានឹងកាន់តំណែងដោយគ្មានកំណត់អាណត្តិនោះទេ។ សម្តេចលើកឡើងថា៖ «ក្នុងគំនិតរបស់ខ្ញុំ ការបម្រុងទុក មានមិនតិចជាង៤នាក់នោះទេ ខ្ញុំបានលើកឧទាហរណ៍ថ្ងៃមុនហើយ បើខ្ញុំនៅអញ្ចឹងកូនមកធ្វើអី»។ សម្តេចបន្តថា «សម្បីតែក្នុងជួររដ្ឋាភិបាល ក៏ខ្ញុំមិនឱ្យចូលមកដែរ អញ្ចឹងលទ្ធភាពមិនមុនឆ្នាំ២០២៨នោះទេ អាចក្នុងចន្លោះ២០២៨ ២០២៩ ឬ២០៣០ អញ្ចឹងត្រូវរង់ចាំ»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាបម្រុងទុករបស់គណបក្សប្រជាជនកម្ពុជា ទៅថ្ងៃខាងមុខ ដែលមិនងាយនឹងប្រែប្រួលឡើយ។ សម្តេចបញ្ជាក់ថា អ្វីៗអាចប្រែប្រួលតែក្នុងករណីសម្តេចទទួលមរណភាពប៉ុណ្ណោះ។ សម្តេចបញ្ជាក់ថា៖ «វិធីតែមួយដើម្បីដូរទិសគឺត្រូវធ្វើឃាតហ៊ុន សែនឱ្យបាន សម្លាប់ហ៊ុន សែន ឱ្យបាន ឬ ហ៊ុន សែនស្លាប់ដោយសារសុខភាព ឬត្រូវធ្វើឃាតហ៊ុន សែន ដើម្បីដូូរទិសនយោបាយ ដូចដែលគេបានធ្វើខ្ញុំនៅសៀមរាប ឆ្នាំ១៩៩៨ ប៉ុន្តែការធ្វើឃាត ហ៊ុន សែន មិនប្រាកដថាអ្នកឯងនៅរស់ទេ កម្លាំងប្រដាប់អាវុធអាចបាត់ភ្លាមវ៉ៃប្រិបភ្លាម សូមកុំធ្វើអំពើថោកទាប»

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៀតថា ប្រសិនបើសម្តេចស្លាប់ដោយសារជំងឺ នោះពេលវេលាក៏ត្រូវដូរទិសដែរ មិនមែនលោក ហ៊ុន ម៉ាណែតទេ ដែលជាបេក្ខជន គឺមេដឹកនាំបក្សនឹងចាត់ចែងរើសបេក្ខភាពនាយករដ្ឋមន្រ្តី។ «ទុកឱ្យគណបក្សជ្រើសរើសទៅ ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលទេ»

សម្តេចបានបញ្ជាក់បន្ថែមថា «មេដឹកនាំសព្វថ្ងៃដែលកំពុងនៅ ពេលដែលគេចូលធ្វើការ គេបានទាំងពរហ៊ុនម៉ាណែតលេងផង អញ្ចឹងមិនអាចយក ហ៊ុន ម៉ាណែត ទៅធ្វើប្រធានរបស់អ្នកទាំងហ្នឹងទេ មេដឹកនាំសំខាន់ៗគឺថាដល់ពេលចេញគឺចេញទាំងអស់គ្នាតែម្តង ហើយដាក់អេគីបថ្មីចូល»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនអាចយកលោក ហ៊ុន ម៉ាណែត មកធ្វើការនៅពីលើមេដឹកនាំបច្ចុប្បន្ននេះបានទេ ដោយក្នុុងនោះមាន សម្តេច ហេង សំរិន សម្តេច សាយ ឈុំ សម្តេច ស ខេង, សម្តេចពិជ័យសេនា ជាដើម។

«ករណី ហ៊ុន សែន អត់ស្លាប់ទេតែ ហ៊ុន ម៉ាណែត កសាងកំហុសអ្វីមួយ ខ្ញុំមិនអាចបន្តគាំទ្រ កូនរបស់ខ្ញុំ កនុងពេលដែលគេប្រព្រឹតកំហុស ដែលធ្វេីឱ្យបក្សបាត់បង់ប្រជាប្រិយភាពនោះទេ»។ នេះជាការគូសបញ្ជាក់របស់សម្តេច។ សម្តេចតេជោ បានលេីកឡេីងថា ការរៀបចំបេក្ខភាព លោក ហ៊ុន ម៉ាណែត ក៏ដោយសារតែមានការផ្សាយញុះញង់បំបែកបំបាក់រវាងសម្តេច និងសម្តេច ស ខេង ដែរ។

សម្តេចបានបន្ថែមថា៖ «ពិតមែនតែខ្ញុំគាំទ្រ បេក្ខជន៤នាក់ ប៉ុន្តែចិត្តខ្ញុំលំអៀង ចង់ឬមិនចង់បេីអ្នកឯងនិយាយអញ្ចឹងហេីយ គឺចិត្តខ្ញុំលំអៀងទៅរកកូនខ្ញុំ»

សម្តេចតេជោ បានលេីកឡេីងថា ក្នុងចំណោមបេក្ខជននោះ កូនរបស់សម្តេច ក្មេងជាងគេ ហេីយនៅមានក្មេងម្នាក់ទៀតដែរ៕