(ត្បូងឃ្មុំ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យងើបប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីកុំឱ្យបរទេសណាម្នាក់មកប្រមាថមើលងាយ បើទោះបីកម្ពុជា ជាប្រទេសតូចតែមិនឱ្យនរណាម្នាក់មកប្រមាថបានជាដាច់ខាត។

ការចេញមកអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋខ្មែរបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»

ថ្លែងចេញពីខេត្ដព្រៃវែង ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសតូចមួយនេះ មិនត្រូវនរណាប្រមាថដាច់ខាតអីឡូវយើងត្រូវប្រឹងទាំងអស់គ្នា កុំឱ្យជំងឺកូវីដងើបឡើងវិញ កុំឱ្យអ្នកណាមើលងាយយើងបាន ប្រឹងប្រែងព្យាបាលប្រជាជន ការពារប្រជាជនយើងពីជំងឺឆ្លង មិនថាកូវីដទេ ជំងឺដទៃទៀត ពង្រឹងសមត្ថភាពវិស័យសុខាភិបាលរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការធានាសុខភាពរបស់ប្រជាជន»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាជន ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំឆ្ពោះទៅរកការផលិតវ៉ាក់សាំងដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលចិន ដោយក្រុមហ៊ុនផលិតវ៉ាក់សាំងបានធ្វើជាមួយគ្នាលើការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺអត់សុំអ្វីក្រៅពីការគោរពគ្នា ផ្តល់តម្លៃឱ្យគ្នា លើកទឹកចិត្តគ្នានោះទេ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវប្រជាពលរដ្ឋប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាលឱ្យម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ជុំវិញចំណុចនេះ ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានអះអាងថា ការប្រមាថនេះសម្តេចមិនអាចទទួលយកបានទេ ហើយឮសម្តេចបានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន អតីតមេបញ្ជាការការពារព្រំដែនវៀតណាមរូបនោះ ដែលបច្ចុប្បន្នជាអនុុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម សុំទោស ឬធ្វើការកែតម្រូវឡើងវិញ។

រហូតមកដល់ពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងដោយនៅសល់ខ្ទង់ជាង១០នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ ស្របពេលដែលមានប្រជាជនជាង៨៨ភាគរយបានចាក់វ៉ាក់សាំងរួចរាល់ ខណៈដែលវៀតណាមឆ្លងខ្ទង់ម៉ឺននាក់។

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៣១៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,១៣២ករណី៕