(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងណែនាំពលរដ្ឋរក្សាបណ្ណកម្មសិទ្ធិដីធ្លី ក្នុងការធានាសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។
លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៥៧៥គ្រួសារ ស្មើនឹង ចំនួន ១.២៧៣បណ្ណ ស្ថិតនៅក្នុងភូមិវាលព្រីងក្រោម ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
លោក ងួន រតនៈ បានអបអរសាទរចំពោះ ប្រជាពលរដ្ឋដែលទទួលនូវបណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ ហើយសំណូមពរឲ្យខិតខំថែរក្សាបណ្ណកម្មសិទ្ធិនេះឲ្យបានគង់វង្ស ទុកដាក់ឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។
«បណ្ណកម្មសិទ្ធិមួយសន្លឹកនេះពិតជាមានន័យ និងមានសារៈសំខាន់ណាស់ សម្រាប់យើងជាម្ចាស់ដីក្នុងការធានានូវសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី»។ បើតាមលោកអភិបាលខេត្ត។
លោកបានបន្តទៀតថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់ណាស់ ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពដីធ្លី ពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឈើទាល ស្រុកសណ្តាន់ទាំងមូល មានចិត្តសប្បាយរីករាយណាស់ ដែលបានទទួលបណ្ណកម្មសិទ្ធិនៅពេលនេះ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដី និងដៃគូរអភិវឌ្ឍន៍នានា ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រធ្វើឲ្យដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានប្លង់រឹង៕