(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងយុវជន និងនិស្សិតមួយចំនួន ដែលទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយចំពោះរឿងអាស្រូវ បានលេចមុខនៅក្បែរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ គ្រាដែលកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលជាតួអង្គក្នុងរឿងអាស្រូវនេះ កំពុងឡើងបំភ្លឺជូនតុលាការ។

លោក ស្រី ចំរើន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកគាំទ្រចំពោះចំណាត់ការរបស់តុលាការ ដែលបានកោះហៅកញ្ញា ខុម ចាន់ដារ៉ាទី ចូលបំភ្លឺក្នុងរឿងអាស្រូវនោះ។ លោក កញ្ញា ស្រី មុំ ត្រូវនិយាយការពិតនៅចំពោះមុខតុលាការ ចំណែកលោក កឹម សុខា គួរតែចេញមុខបកស្រាយចំពោះរឿងនេះដែរ កុំឱ្យស្រីមុំ ចេញមុខតែម្នាក់ឯង។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ខុម ចាន់ដារ៉ាទី បានចូលបំភ្លឺនៅតុលាការ តាមដីកាកោះជាលើកទី២ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ ។
នៅក្នុងដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងគោលបំណងដើម្បីមកសាកសួរពីដំណើររឿង របាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ»