(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវជំរុញឲ្យមន្ដ្រីនគរបាលមូលដ្ឋាន ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល ផ្សព្វផ្សាយលេខទូរស័ព្ទ Hot Line 117 ទៅកាន់ប្រជាពលរដ្ឋដើម្បីរាយការណ៍នៅពេលត្រូវការជំនួយផ្សេងៗ ពីមន្ដ្រីនគរបាលនៅទូទាំងប្រទេស។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «លោកស្នងការរាជធានី-ខេត្តទាំងអស់ ណែនាំទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅពេលបើកវេទិកាសាធារណៈភូមិឃុំមានសុវត្ថិភាព ត្រូវផ្សព្វផ្សាយតែម្ដងយើងមាន Hot Line 117 ទទួលបណ្ដឹងរបស់ប្រជាពលរដ្ឋ ឬសំណូមពរអ្វីៗ ឬសំណើសុំអន្ដរាគមន៍សង្គ្រោះបន្ទាន់ជាដើម ដែលលេខនេះបានដំណើរការល្អហើយ»

សូមរំលឹកថា អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរស័ព្ទ Hotline 117 ក្រោយមានការកែសម្រួលបញ្ហាបច្ចេកទេសឡើងវិញ ដោយមានកិច្ចសហការជួយពីខាងនិយ័តករកម្ពុជា របស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស ២៤ម៉ោងលើ២៤ម៉ោង។

លេខទូរស័ព្ទ Hotline 117 នេះគឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម។

ក្រោយប្រកាសឲ្យដំណើរការលេខទូរស័ព្ទ Hotline 117 នេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរាយការណ៍ពីបញ្ហាជាបន្តបន្ទាប់ ដែលពួកគាត់បានជួបប្រទះ និងទទួលបាន។

នាយកដ្ឋានវិទ្យុទាក់ទង បានចាត់ទុកថា នេះគ្រាន់ជាចំណុចចាប់ផ្តើមនៅឡើយ ពួកនៅមានភារកិច្ចជាច្រើនទៀតត្រូវកែប្រែ និងត្រូវអនុវត្ត ដើម្បីប្រាកដថាលេខ១១៧ គឺជាក្តីសង្ឃឹមរបស់ប្រជាជនទូទៅដែលត្រូវការ ជំនួយជាចាំបាច់បន្ទាន់។

នាយកដ្ឋានសូមឲ្យពលរដ្ឋបន្តផ្តល់ព័ត៌មានពិត និងផ្សព្វផ្សាយលេខ ១១៧ ឱ្យបានទូលំទូលាយថា ពួកយើងខ្ញុំរង់ចាំទទួលព័ត៌មានពិតយកមកដោះស្រាយជូន ២៤/២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ស្មោះត្រង់តាមវិជ្ជាជីវៈ៕