(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តសៀមរាប និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការ គ្រោងទុក។

ក្នុងដំណើរចុះពិនិត្យស្ថានភាព នៃការសង់សង់នាពេលនេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមជំនាញបច្ចេកទេសចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង (AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅ និងផ្កាលំអសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។

នាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសទាំងអស់ ឧស្សាហ៍ចុះត្រួតពិនិត្យគុណភាពផ្លូវដែលបាន អ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ពិនិត្យលទ្ធភាពដាំផ្កា មុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឱ្យស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ប្រវត្តិសាស្រ្តក៏ដូចជា ជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូ ស្រោចផ្លូវឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវដែលបានស្ថាបនារួច។

ជាលទ្ធផល នៃការត្រួតពិនិត្យទាក់ទងនឹងការអ៊ុតបេតុងកៅស៊ូ លោកទេសរដ្ឋមន្ត្រី ក៏បានពិនិត្យឃើញបញ្ហាកំហុសបច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អង្គភាព សាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ ធ្វើការកែតម្រូវឱ្យបានសមស្របទៅនឹងស្តង់ដាបច្ចេកទេសនៃ ការសាងសង់។

សូមជម្រាបថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២.៧២%នៃទំហំការងារសរុប។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ, នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជា៤ប្រភេទរួមមាន៖ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥គីឡូម៉ែត្រ៕