(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំរណគុណទៅដល់ក្រុមហ៊ុនរបស់ចិន ដែលបានចាប់យកប្រ ទេសកម្ពុជា ដើម្បីវិនិយោគជាមួយទុនរហូតដល់ជាង ១ពាន់លានដុល្លារ។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធរោងចក្រផលិតស្ករសកៀបទឹក អំពៅស្ថិតនៅក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។ រោងចក្រផលិតស្ករសកៀបទឹកអំពៅនេះ ជារោងចក្រធំជាងគេនៅអាស៊ីរបស់ក្រុមហ៊ុន Rui Feng Cambodia International Co.,Ltd.។

ក្រុមហ៊ុនបានដាក់ទឹកប្រាក់វិនិយោគជាង ១ពាន់លានដុល្លារ ដែលនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៤០០០នាក់ នៅពេលគម្រោងវិនិយោគត្រូវបានសាងសង់ចប់សព្វគ្រប់។ ទន្ទឹមនឹងផ្តល់ការងារជាច្រើនដល់ពលរដ្ឋនៅក្នុងខេត្តព្រះវិហារ រោងចក្រដ៏ធំនេះ ក៏នឹងចូលរួមពង្រឹងសេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមអរគុណក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជា ជាទីវិនិយោគលើគម្រោងដ៏ធំនេះ។ នេះដោយសារក្រុមហ៊ុនមានជំនឿទុកចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានសូមឲ្យក្រុមហ៊ុនចិនមួយនេះ យកចិត្តទុកដាក់ផ្តល់សេវាល្អ ដល់បុគ្គលិកម្មករ ជាពិសេសធ្វើផ្ទះសម្រាប់ស្នាក់នៅដល់កម្មករ ផ្តល់ការអប់រំ សេវាសុខភាព និងប្រាក់ខែសមរម្យ។ រីឯតម្រូវការផ្ទៃដីបន្ថែម សម្តេចបាននែនាំឲ្យក្រុមហ៊ុនមានទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ និងសហគម ផ្តល់ទុនលើកទឹកចិត្ត ដើម្បីប្រជាពលរដ្ឋដាំអំពៅលក់ជូនក្រុមហ៊ុនវិញ៕