(ភ្នំពេញ)៖ លោក ជា សុផារា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍មួយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ ជាមួយថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធនឹងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីជម្រុញ និងពន្លឿនការចេញប័ណ្ណសាងសង់ និងប័ណ្ណកម្មសិទិ្ធដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ក្នុងកិច្ចប្រជុំនេះ ក្រសួងបានផ្ដោតលើបញ្ហាជាច្រើនចំណុច ហើយអ្វីដែលសំខាន់សម្រាប់ប្រជាពលរដ្ឋនោះ គឺមាន២ចំណុច ទី១ ក្រសួងនឹងជំរុញពន្លឿនការចេញប័ណ្ណសាងសង់ ដែលនៅសេសសល់ ពង្រឹងការអនុវត្តបទដ្ឋានសំណង់ និងត្រៀមរៀបចំធ្វើការណែនាំប្រជាពលរដ្ឋ អំពីហានិភ័យនៃការដាក់ប្លង់ដីបញ្ចាំ ហើយរាល់ការសុំច្បាប់សាងសង់ ត្រូវឧទ្ទេសនាមមន្រ្តីទំនាក់ទំនង និងត្រួតពិនិត្យការសាងសង់។ ទី២ ជំរុញការចុះបញ្ជីដីធ្លី និងផ្ដល់ប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

យោងតាមគេហទំព័ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានការរៀបចំដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋផងដែរ ដោយស្នើសុំឱ្យប្រជាពលរដ្ឋមានការពិភាក្សា ជាមួយអាជ្ញាធររាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដោះស្រាយជម្លោះ ឱ្យមានប្រសិទ្ធភាព។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែមេសាកន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់បានធ្វើការរៀបចំបង្កើតក្រុមការងារមួយ ដើម្បីរងចាំ ជូបសម្របសម្រូល និងដោះស្រាយជាមួយក្រុមអ្នកតវ៉ា ឬក្រុមបាតុករ ដែលពាក់ព័ន្ធបញ្ហាដីធ្លី៕