(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សារវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក តែវ អេងឌី (Teo EngDih) អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ និងជាអនុប្រធាន អែដសុំ (ADSOM) សិង្ហបុរី នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ភាគីទាំងពីរប្តេជ្ញានឹងពង្រឹងកិច្ចទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនឡើងថែមទៀតទាំងលើកិច្ចការតំបន់ និងអន្តរជាតិ តាមរយៈការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងស្វាគមន៍ចំពោះវត្តមានរបស់លោក តែវ អេងឌី (Teo EngDih) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណចក្រកម្ពុជានាពេលនេះ ដែលមានសារៈសំខាន់ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី ឱ្យបានកាន់តែប្រសើរ ទៅថ្ងៃអនាគត។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ នៃកិច្ចសន្ទនារបស់លោក តែវ អេងឌី ជាមួយនឹងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងកិច្ចពិភាក្សាជាមួយនឹងឧត្តមសេនីយ៍ឯក ហ៊ុន ណែត មេបញ្ជាការ កងទ័ពជើងគោក ព្រមទាំងគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២។

លោក តែវ អេងឌី (Teo EngDih) បានថ្លែងនូវក្តីរីករាយ និងអំណរគុណចំពោះសម្តេចពិជ័យសេនា ដែលបានអនុញ្ញាត និងស្វាគមន៍គណៈប្រតិភូ ក្រសួងការពារជាតិសិង្ហបុរី នាពេលនេះ, ហើយក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងការពារជាតិសិង្ហបុរីផងដែរ មកជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលកន្លងមកតែងតែបានចូលរួមនៅក្នុងវេទិកាសន្ទនាសាំងគ្រីឡា (Shangri-La Dialogue) នៅប្រទេសសិង្ហបូរី។

លោកបានបន្តថា ក្នុងរយៈពេល២ឆ្នាំមកនេះ ដោយសារការរីករាលដាលជំងឺកូវីដ១៩ វេទិកាសន្ទនាសឹង្ហគ្រីឡាដាយឡក់ (Shangri-La Dialogue) ត្រូវបានអាក់ខានមិនបានរៀបចំ តែទោះបីយ៉ាងណាក៏ដោយសង្ឃឹមថា នៅឆ្នាំក្រោយនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅចូលរួមក្នុងវេទិកានេះ។

លោកអនុប្រធាន អែដសុំ (ADSOM) សិង្ហបុរី ក៏បានធ្វើសេចក្តីរាយការណ៍ផងដែរ នូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការធ្វើទស្សនកិច្ចស្វែងយល់នៅសារៈមន្ទីរជាតិ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍គុកទួលស្តែង និងនៅវិមានឈ្នះឈ្នះ ព្រមទាំងបានធ្វើសេចក្តីរាយការណ៍ ពីលទ្ធផលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងកិច្ចពិភាក្សាជាមួយនឹងឧត្តមសេនីយ៍ឯក ហ៊ុន ណែត មេបញ្ជាការ កងទ័ពជើងគោក។

លោក តែវ អេងឌី (Teo EngDih) ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលនេះបច្ចុប្បន្ននេះ។

លោកក៏បានសម្តែងនូវការគាំទ្រយ៉ាពេញទំហឹងចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២ខាងមុខនេះផងដែរ៕