(កោះកុង)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានចាត់តំណាងយកថវិកាចំនួន១ម៉ឺនដុល្លារ ប្រគល់ជូនលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីដោះស្រាយការរៀបចំទិវារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ និងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២២ខាងមុខ។

សូមបញ្ជាក់ថា ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានរួចផុតពីអំពើឃោឃៅខ្មៅងងឹតរយៈ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបប៉ុលពតខ្មែរក្រហម។ នៅក្នុងឱកាសការប្រគល់ និងទទួលថវិកានេះ លោកស្រី មិថុនា ភូថង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សម្រាប់ការចំណាយថវិកាលើការរៀបចំកម្មវិធីមួយនេះ។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា លោកស្រីនឹងយកថវិកានេះប្រើប្រាស់ចំគោលដៅ និងរៀបចំផ្សព្វផ្សាយទិវារបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២២ខាងមុខ កាន់តែធំទូលំទូលាយ ព្រមទាំងមានការគាំទ្រច្រើន ពីមហាជនក្នុងខេត្ត។ ចំណែកឯតំណាងអ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងថា អ្នកឧកញ៉ា បានគិតគូរច្រើនលើសេចក្តីត្រូវការ និងចង់បានការអភិវឌ្ឍន៍ក្នុងមូលដ្ឋានខេត្តភាគនីរតិមួយនេះ។

ទន្ទឹមនោះ តំណាងអ្នកឧកញ៉ា បានស្នើសុំដល់លោកស្រីអភិបាលខេត្ត ជួយគាំទ្រគម្រោងអភិវឌ្ឍន៍វិនិយោគនានារបស់ក្រុមហ៊ុន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕