(កំពង់ធំ)៖ បុរសម្នាក់បានអង្គុយ ដោយទឹកមុខស្រងូតស្រងាត់ ដែលគិតថាខ្លួនឯង មានប្រវត្តិតស៊ូការពារជាតិមាតុភូមិ តាំងពីទាហាន រហូតដល់ប៉ូលិស ចុងក្រោយគ្មានអ្វីសល់ សូម្បីតែដីមួយចង្អាម ថែមទាំងគ្មានតួនាទី ត្រូវបានស៊េរីប្អូនជំនាន់ក្រោយ វ៉ាហួស ចំណែករូបលោក ការងារមិនបានបោះជំហ៊ានទៅមុខទេ បែរជាបោះជំហ៊ានថយក្រោយថែមទៀត។

លោក សាន សន ជាអតីតស្នងការរងនគរបាលខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងទាំងសំឡេងអួលដើម.ក ថា កាលឆ្នាំ១៩៧៩ លោកចូលបំរើក្នុងវិស័យកងទ័ព លុះដល់ឆ្នាំ១៩៩៣ លោកបានកាត់ចូលជាមន្ត្រីនគរបាល រហូតមកដល់ឆ្នាំ២០០៤ បានទទួលឋានៈជាស្នងការង ពាក់ស័ក្តិ៤កន្លះ នៅខេត្តកំពង់ធំ ក្រោយមកថ្នាក់លើបាន ដកលោកទៅបំរើការងារនៅ ក្រសួងមហាផ្ទៃ ជាមន្រ្តីដោយគ្មានតួនាទី ខាងផ្នែកពន្លត់អគ្គិភ័យរហូតមកដល់ បច្ចុប្បន្នរយៈពេល១២ឆ្នាំ។

លោក សាន សន បានឲ្យដឹងថា លោកមានកូនចំនួន៩នាក់ ដោយសារតែជីវភាពខ្វះខាត មិនគ្រប់គ្រាន់ក្នុងការចាយវាយក្នុងគ្រួសារ ទើបសម្រេចចិត្តឲ្យកូន៣នាក់ ទៅធ្វើជាកម្មករនៅប្រទេសថៃ ហើយ៣នាក់ទៀត រស់នៅក្នុងខេត្តកំពង់ធំ និង៣នាក់តូចរស់នៅក្នុងបន្ទុក រីឯកប្រពន្ធត្រូវបានចូលធ្វើការក្នុងរោងចក្រ។

លោក សាន សន បាននិយាយទាំងសំឡេងអួលអាក់ថា កាលលោកនៅមានឋានៈជាស្នងការង ខេត្តកំពង់ធំ មានតួនាទីខាងសណ្តាប់ធ្នាប់ ពេលនោះលោកពុំដឹងពីមូលហេតុ នៃការដករូបលោក ទៅបំរើការនៅក្រសួងមហាផ្ទៃនោះទេ ដោយសារតែលោកពុំធ្លាប់មានកំហុសអ្វីទាំងអស់ រហូតមកដល់ពេលនេះ គឺ១២ឆ្នាំហើយ ក៏នៅតែនឹកមិនឃើញ នូវកំហុសនៃការដកបញ្ឈជើងនោះទេ។

អតីតស្នងការរងរូបនេះ បានកំណត់ព្រហ្មលិខិតរបស់ជីវិតលោកថា វាប្រៀបបានទៅនឹងផ្កាប់ចានឆ្នាំង ខណៈពេលដែលកូនតូចទាំង៩នាក់ កំពុងតែត្រូវការដោះស្រាយសេដ្ឋកិច្ចគ្រួសារ និងចិញ្ចឹមបីបាច់របស់ពួកគេ។

ជាចុងក្រោយលោក សាន សន អតីតនាយប៉ូលិសដ៏ឆ្នើម ធ្លាប់តស៊ូជូនជាតិមួយជីវិតឥតស្តាយស្រណោះ បានសំណូមពរ ឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយពិចារណា ផ្តល់ក្តីសង្ឃឹមដល់ជីវិតគាត់ផង ខណៈពេលដែលមានជីវភាពខ្វះខាត គ្មានផ្ទះសំបែង គ្មានដីសូម្បីតែមួយចង្អាម៕