(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៦នេះ បានចុះទៅសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់បំផុតរវាងភាគី(ក) ឈ្មោះ ឈុំ ឆឺត និងភាគី(ខ) ឈ្មោះ អ៉ិន ថា ដែលភាគីទាំងសងខាង មានការប្តឹងផ្តល់កើតទុក្ខមិន​សុខចិត្តជាង១០ឆ្នាំ​មកហើយ ពាន់ព័ន្ធទៅនឹងករណី​រំលោភយក​ដីស្រែ ដែលមាន​ទំហំកន្លះ​ហិកតា ស្ថិតក្នុងភូមិព្រៃ​ខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

កិច្ចដំណោះស្រាយនេះដែលធ្វើឡើង​នៅសាលាស្រុកភ្នំក្រវាញ ក៏មានការអញ្ជើញ​ចូលរួមពី​លោក ចេង ឡៃ ប្រធានមន្ទីរ​រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលស្រុកភ្នំក្រវាញ ប្រធានការិយាល័យ​ដែនដីស្រុក អធិការនគរបាល​ស្រុក ប្រធានភូមិព្រៃខ្លុង និងភាគីដែលពាក់​ព័ន្ធជាច្រើនរូប​ទៀត។

លោក ម៉ៅ ធនិន បានថ្លែងថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព និងគ្មានអ្នកចាញ់ គឺតម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះ​ត្រង់​ត្រឹមត្រូវ លោកនឹងធ្វើការដោះស្រាយជូន។ លោកថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែ តែចំណងមិត្តភាព ជាពិសេស បងថ្លៃប្អូនថ្លៃគឺ​មានជារៀង​រហូត»។ លោកបានបញ្ជាក់ថា បើតាមការរាយការណ៍របស់លោក ហង្ស ទេព ជាសាក្សីដឹងឮ និងជាមេភូមិព្រៃខ្លុងតែម្តងបានឲ្យដឹងថា ដីស្រែទំនាស់នេះ គឺជាកម្មសិទ្ធិរបស់ភាគី(ខ) ឈ្មោះ អ៉ិ​ន ថា បានបញ្ចាំ មិនមែនលក់ដាច់ ទៅឲ្យបងស្រីបង្កើតឈ្មោះ អ៉ិន យ៉េន (ស្លាប់២០០៧) ជាប្រពន្ធរបស់ភាគី(ក) ឈ្មោះ ឈុំ ឆឺត ដែលជាបងថ្លៃនោះទេ គ្រាន់តែភាគី(ខ) ម្ចាស់ដី មិនបាននៅជាប់ ពោលគឺ​នៅ​ធ្វើទាហានជួរមុខ ហើយភាគី(ក) ទទួលបញ្ចាំបានកាន់កាប់អាស្រ័យ​ផលលើដីស្រែនោះ តាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ។ លោកបានបន្ថែមទៀតថា ដើម្បីបញ្ចប់បញ្ហាទំនាស់នេះ ឲ្យបានឆាប់រហ័ស គឺមាន​តែ​កាត់ចែកដីនេះ​ជា២ស្មើៗគ្នានោះទេ បើភាគីណាយល់ព្រម ឬមិនយល់ព្រម គឺអាចពិភាក្សាគ្នាបាន ដើម្បីលោកចាត់ឲ្យមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរៀបចំ​ប្លង់កម្មសិទ្ធិ​ជូន។

សូមបញ្ជាក់ថា បញ្ហាទំនាស់ដីស្រែកន្លះហិកតានេះ គឺកើតឡើងជាង១០ឆ្នាំមកហើយ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់ក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ ធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និង ពេញចិត្តទទួលដំណោះស្រាយ ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដោយភាគី(ក) ឈ្មោះ ឈុំ ឆឺត ទទួលបានដី ហើយយល់ព្រម​បង់ជាសាច់​ប្រាក់ចំនួន២៣០០ដុល្លារ ដល់ភាគី(ខ) ដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ។ នៅក្នុងថ្ងៃដដែលនោះលោកអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យទីតាំងស្ពានក្បាលហុង ដើម្បីឲ្យមន្ទីរ​ជំនាញ ធ្វើការសិក្សា​គម្រោងបញ្ជាល់ទឹក និង ធ្វើស្ពានយោល សម្រាប់ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិចូលមក​ទស្សនា​កម្សាន្ត​ក្នុងឆ្នាំក្រោយ៕