(កំពង់ធំ)៖ ជនដៃដល់ និងបក្ខពួកចំនួន៣នាក់ ដែលបានបាញ់សម្លាប់ជនរងគ្រោះ នៅស្រុកសណ្តាន់ ដោយសារខឹងវាយប្រពន្ធរបស់ខ្លួននោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលជំនាញរបស់ស្រុក តាមស្រាវជ្រាវ រហូតចាប់ខ្លូនបានហើយ នៅវេលាម៉ោង២៖២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យ៣នាក់ ដែលជាសាច់ញាតិនឹងគ្នា បានរត់គេចខ្លួនបាត់ក្រោយពីបានបាញ់សម្លាប់ជនរងគ្រោះចោល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ពីព្រោះតែខឹងជនរងគ្រោះ បានវាយប្រពន្ធរបស់ខ្លួនមួយដៃ។

អំពើឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កើតឡើងនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

មន្រ្តីនគរបាលមូលដ្ឋានបាន ប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃនេះថា ជនរងគ្រោះឈ្មោះ ឈន វួច អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដោយឡែក ជនសង្ស័យទាំង៣នាក់ ដែលប្រើកាំភ្លើងស្នប់បាញ់សម្លាប់ ជនរងគ្រោះរួមមានទី១.ឈ្មោះ មិន បឿន អាយុ២៥ ឆ្នាំ ជាជនដៃដល់, ទី២ .ខេង សុផាត អាយុ ២៦ ឆ្នាំ និង ទី៣.ខាន់ ឡែន អាយុ២១ ឆ្នាំ រស់នៅភូមិទឹកវិលឃុំក្លែង ស្រុកសណ្តាន់។

មន្រ្តីនគរបាលមូលដ្ឋានបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យមានករណីសម្លាប់នេះ ដោយសារតែ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៦ ជនរងគ្រោះឈ្មោះ ឈន វួច បានវាយមួយដៃទៅលើឈ្មោះ មិន ចាន់ធូ អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធ ឈ្មោះ ខេង សុផាត រួចហើយជនរងគ្រោះបានរត់គេចខ្លួនបាត់។

លុះដល់ថ្ងៃកើតហេតុជនដៃដល់ និងបក្ខពួកបានទិញស្រាផឹកអស់ប្រហែលមួយកេស ដោយមានភាពស្រវឹងស្រឿងៗផង និងមានរឿងវាយប្រពន្ធផងនោះ ហើយគាប់ជូនឃើញ ជនរងគ្រោះមកផ្ទះ ពេលនោះ ឈ្មោះ មិន បឿន ទាញកាំភ្លើងស្នប់មកបាញ់ចំក្រោមក្លៀក មួយគ្រាប់បណ្តាលឲ្យប្រកាច់ស្លាប់មួយរំពេច ក្នុងថ្លុកឈាម។

ពេលឃើញជនរងគ្រោះស្លាប់ភ្លាម ជនដៃដល់ និងបក្ខពួកបានរត់គេចខ្លួនបាត់ រីឯសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕