(អាមេរិក)៖ តុលាការអាមេរិក នៅថ្ងៃនេះ បានចេញដីកាសម្រេចឲ្យក្រុមហ៊ុន Apple ផ្ដល់ប្រាក់ចំណង ២៤,៩លានដុល្លារ​អាមេរិក ដល់ក្រុមហ៊ុន Dynamic Advances ពាក់ព័ន្ធរឿងបណ្ដឹងរំលោភ និងល្មើសកម្មសិទ្ធិ​បញ្ញា​កម្មវិធី Siri។

យោងតាមសេចក្ដីសម្រេចរបស់តុលាការ បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបង់ប្រាក់សំណងជំងឺចិត្ត ២៤,៩លានដុល្លារ​អាមេរិក ឲ្យក្រុមហ៊ុន Dynamic Advances ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា ហើយក្រោយពី​ទទួលបាន​លុយទាំងនោះហើយ ក្រុមហ៊ុន Dynamic Advances នឹងត្រូវចែកពាក់កណ្ដាលទៅឲ្យវិទ្យាស្ថាន Rensselaer Polytechnic Institute ដែលជាម្ចាស់ប៉ាតង់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានប្រកាសបង្ហាញកម្មវិធី Siri កាលពីខែតុលា ឆ្នាំ២០១១ ជាមួយនឹង​ iPhone 4S ហើយក្រោយពីប្រកាសបង្ហាញមិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវបាន​ក្រុមហ៊ុន Dynamic Advances ប្ដឹង រឿងរំលោភ ប៉ាតង់ និងកម្មសិទ្ធិបញ្ញា ហើយមកទល់ពេលនេះ ទើបតុលាការសម្រេចក្ដីឲ្យ Apple ចាញ់៕