(​អេក្វាទ័​រ​)៖ គ្រោះធម្មជាតិ​រញ្ជួយ​ដី​កម្រិត ៧,៨ រ៉ិ​ចទ័​រ ដែល​បាន​វាយប្រហារ​ភាគ​ខាងជើង​ឈៀង​ខាង លិច​ប្រទេស​អេក្វាទ័រ​នោះ បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ស​រុប ៥០៧​នាក់​ហើយ ស្របពេល​ដែល មនុស្ស​ជាង ៤,០០០​នាក់​ផ្សេង​ទៀត​ត្រូវបាន​គេ​អះអាងថា បាន​ទទួល​រងរបួស​។ នេះ​បើ​តាម​ការ ចេញផ្សាយ​មុន​នេះ​បន្តិច​ដោយ AP នៅ​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងអស់នោះ គឺមាន ៤៩៩​នាក់ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​រួចរាល់ ហើយ​ក្នុងនោះ ក៏​មាន​អ្នកស្លាប់​ជា​ជនបរទេស​ចំនួន ១១​នាក់​ផង​ដែរ​។ នេះ​ជា​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដ៏​អាក្រក់​បំផុត សម្រាប់​អេក្វាទ័រ ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈពេល ៨២​ឆ្នាំ​កន្លងមកនេះ ស្របពេល​ដែល ប្រតិបត្តិការ​ស្វែងរក​អ្នក​បាត់​ខ្លួន​កំពុង​បន្ត ដែល​អាច​នាំឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​បន្ថែមទៀត​។

គួរបញ្ជាក់ថា មនុស្សជាង ២៣០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ស្របពេលដែលមនុស្សជាង ២០,០០០នាក់បាត់បង់ទីជម្រក។ រដ្ឋាភិបាលអេក្វាទ័រ បានសន្និដ្ឋានថា ការខាតបង់សរុបសម្រាប់ អេក្វាទ័រចំពោះសេដ្ឋកិច្ចនោះ គឺមានប្រមាណ ៣ពាន់លានដុល្លារអាមេរិកឯណោះ។ ប្រទេសជាច្រើន បានចាប់ផ្តើមជំនួយដល់អេក្វាទ័រហើយ ជាពិសេសរដ្ឋាភិបាលចិនបានជួយ ១០០,០០០ ដុល្លារអាមេរិក និង ការចល័តផ្កាយរណបមួយគ្រឿងមកតំបន់រងគ្រោះ ដើម្បីសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ៕