(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សម្អាតមហាវិថីឈ្នះឈ្នះ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ បរិស្ថានឲ្យបានល្អ ដើម្បីទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានណែនាំទៅក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម ធ្វើការបោស កើប ប្រមូល និងដឹកជញ្ជូនឲ្យបានស្អាត ហើយធុងសំរាមដែលមានសភាពចាស់ៗ ក៏តែត្រូវប្តូរថ្មីឲ្យបានស្អាត ដើម្បីលើកសោភ័ណភាពនៅលើកំណាត់ផ្លូវនេះឲ្យបានល្អប្រសើរ។ បន្ថែមពីលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ត្រូវបាញ់ទឹកលាងសំអាតផ្លូវ កើបដី និងជួសជុលផ្លូវផងដែរដើម្បីឱ្យស្ថានភាពមហាវិថីឈ្នះ ឈ្នះនេះមានសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។

ក្រោយពីបញ្ចប់ការពិនិត្យមហាវិថីឈ្នះឈ្នះហើយលោក ឃួង ស្រេង បានបន្តដំណើរចុះទៅពិនិត្យស្ថានភាពផ្លូវ ក៏ដូចជា សណ្ដាប់ធ្នាប់សាធារណៈនៅលើកំណាត់ផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញបន្តទៀត ព្រោះសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh Hotel) នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។

គួរបញ្ជាក់ថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទរថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទហាមធ្វើចរាចរឆ្លងកាត់កំណាត់ មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕