(ភ្នំពេញ)៖ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ ចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជ Facebook។

ការប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ដោយដាក់ចំណងជើងធំៗថា «លោក ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជ Facebook»។

ខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោក ហូ សិទ្ធី បានបញ្ជាក់ថា «កាលទៅស្រុកឆែប ខេត្តព្រះវិហារ (ម្សិលមិញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អធិរាជ Facebook” សម្តៅទៅលើអ្នកល្ងង់ដែលចោទថា មានាករលួយ ឬបន្លំ Likes នៅក្នុង Facebook បាន សម្តេចពុំបានមានប្រសាសន៍ថា “បើល្ងង់ណាស់មកសួរខ្ញុំ ដែលជាអធិរាជ Facebook” នោះទេ តែអ្នកចាំតែរករឿង បានចាប់ចំណុចនេះ យកទៅកាឡៃ ដោយមិនចេះខ្មាស់អៀនថា “លោក ហ៊ុន សែន ប្រកាសខ្លួនឯងជាអធិរាជ Facebook»។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ លោក ហូ សិទ្ធី បានសរសេរបន្ថែមថា «ខុទ្ទកាល័យសូមរំលឹក កាលពីឆ្នាំ២០១៥ សារព័ត៌មាន Phnom Pehn Post បានមួលបង្កាច់ដីកាបញ្ជូនមួយច្បាប់ របស់ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅជាបញ្ជាមួយទៅឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាមួយដោយលំអៀង ម្តងរួចទៅហើយ។ នៅចំពោះមុខអំពើបែបនេះ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការសោកស្តាយណាស់ ដោយឃើញស្ថាប័នឯករាជបរទេសមួយ បន្ថោកតម្លៃខ្លួនឯងដល់ថ្នាក់នេះ»៕