(ភ្នំពេញ)៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានប្រកាសទុក​ពេលវេលាឲ្យ​ជនបរទេស​ទាំងឡាយ ដែលកំពុងស្នាក់​ជាយូរមកហើយ ក្នុងខណ្ឌចំនួន៨ នៅរាជធានីភ្នំពេញ មកបង្ហាញ​ឯកសាររដ្ឋបាល និងលិខិតស្នាមនានាទៀត ពិសេសប័ណ្ណជំរឿន​ជនបរទេសអន្តោប្រវេសន៍​ឆ្នាំ២០០២ «ប៣» របស់ខ្លួន។

នគរបាលបាន​កំណត់ថា បើផុតរយៈពេល​១០ថ្ងៃនេះទៅ ជនបរទេសអន្តោ​ប្រវេសន៍ណា មិនមកបង្ហាញឯកសារ និងលិខិតស្នាមណានោះទេ នគរបាល នឹងតាមចាត់វិធានការដោយឃាត់ខ្លួនបណ្តេញ ជនបរទេសនោះ ទៅប្រទេសដើមកំណើតវិញ។ នៅក្នុងពិធីប្រកាស​សមាស​ភាពមន្ត្រីចុះជំរឿនជនបរទេសអន្តោប្រវេសន៍នៅក្នុងខណ្ឌចំនួន៨ នៅក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមេសានេះ លោកឧត្តមសេនីយឯក ឃុន សំបូរ អគ្គនាយករងអគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានថ្លែងថា ការចុះចាត់វិធានការចុះជំរឿនស្ថិតិ ជនបរទេសអន្តោប្រវេសន៍ បានធ្វើឡើងដើម្បី​បង្កើន​វិធានការ គ្រប់គ្រងជនបរទេស​អន្តោប្រវេសន៍ស្នាក់នៅ ក្នុងកម្ពុជាឲ្យមានភាពត្រឹមត្រូវ គ្រប់គ្រងឲ្យជនបរទេសអន្តោប្រវេសន៍មកបង់ពន្ធអាករឲ្យបានត្រឹមត្រូវឡើងវិញ និងការចាត់វិធានការជនបរទេស​មកស្នាក់នៅកម្ពុជាខុសច្បាប់។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «គ្រប់ជនបរទេសអន្តោប្រវេសន៍ដែលមានកាន់ប័ណ្ណ «ប៣» ត្រូវបាននគរបាលទទួលស្គាល់ថា ជាជនបរទេសអន្តោប្រវេសន៍​ស្នាក់នៅ​កម្ពុជា​ស្របច្បាប់ហើយមានកាតព្វកិច្ចត្រូវ ទៅពន្ធអាករ២៥ម៉ឺនរៀលក្នុងមួយឆ្នាំ»។ ឧត្តមសេនីយឯក ឃុន សំបូរ ថ្លែងថា មកដល់ពេលនេះ នគរបាលអន្តោប្រវេសន៍​បានសហការជាមួយ​អាជ្ញាធរមូល​ដ្ឋានធ្វើជំរឿន​ជនបរទេសស្នាក់នៅកម្ពុជា បានចំនួន២៥ រាជធានីខេត្តក្រុងរួចហើយ ហើយដោយឡែក រាជធានីភ្នំពេញនៅសល់តែខណ្ឌចំនួន៨ទៀតទេដែលនៅមិនទាន់បានធ្វើ។

ចាប់ពីឆ្នាំ២០០២មកដល់ឆ្នាំ២០១៤នេះ កម្ពុជា មានជនបរទេសអន្តោប្រវេសន៍ស្នាក់នៅ មានជាង៧ម៉ឺននាក់ ហើយមកដល់ពេលនេះអាចនឹងកើនដល់១០ម៉ឺននាក់ជាង ដែលមាន៥៨សញ្ជាតិ ក្នុង​នោះ​ជនជាតិវៀតណាមច្រើនជាងគេ។ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ឃុន សំបូរ ក៏បានធ្វើការទិទៀននិងស្នើនគរបាលប៉ុស្តិ៍ រដ្ឋបាល នគរបាល ដែលនៅតែលួចប្រព្រឹត្តទង្វើខុសច្បាប់ផ្តល់​សំបុត្រ​កំណើត និងលូចធ្វើ​អត្តសញ្ញាណ​បណ្ណឲ្យជនបរទេសខុសច្បាប់ ហើយលិខិត​ស្នាម​បរទេស​ខ្លះ​មានកោស លុបសញ្ជាតិ​ជាដើម៕