(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនទេ ហើយការសម្របសម្រួលធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និបាតប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងផងដែរ។

ជាមួយនោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលើគ្រប់វិស័យ ដែលកើតចេញពីសុខសន្តិភាព និងការ ផ្សះផ្សាជាតិពេញលេញ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន និងកំពុងអនុវត្តបន្តដែលរួមមាន៖ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការចាក់កៅស៊ូផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទបាន ប្រវែង ១៥,០០០គីឡូម៉ែត្រ ការសាងសង់ស្ពានធំៗបានចំនួន២០ ការលើកកម្រិតព្រលានយន្តហោះចំនួន៣តាមស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានថ្មីចំនួន២ កំពុងសាងសង់ និងគម្រោងលើកកម្រិតគុណភាព និងពង្រីកបណ្តាញផ្លូវថ្នល់សំខាន់ៗ គម្រោងអភិវឌ្ឍន៍ផ្លូវដែក និងកំពង់ផែជាដើម។

លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់បន្ថែមទៀតថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺជាកត្តាសំខាន់ មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរមកលេងកម្ពុជា ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានឋិត នៅ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានគូសបញ្ជាក់ផងដែរ អំពីតួនាទី របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួល ដល់ការធ្វើអាជីវកម្ម នៃវិស័យឯកជននៅកម្ពុជាផងដែរ៕